ស្ថានទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាដ៏សំខាន់មួយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ចក្រភពអង់គ្លេស។
កិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យបច្ចេកវិទ្យាដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសទាំងពីរ បង្កើនឱកាសសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅលើភាគីទាំងពីរនៃមហាសមុទ្រអាត្លង់ទិក។
ខណៈពេលដែលព័ត៌មានលម្អិតចុងក្រោយកំពុងត្រូវបានចរចា ស្ថានទូតបានឱ្យដឹងបន្ថែមថា ភាពជាដៃគូនឹងផ្តោតលើបច្ចេកវិទ្យាសំខាន់ៗ រួមមាន បញ្ញាសិប្បនិមិត្ត គ្រឿងអេឡិចត្រូនិក ទូរគមនាគមន៍ និងបច្ចេកវិទ្យាកុំព្យូទ័រថ្មី។
Trump គ្រោងនឹងហោះហើរទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរ ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេលបីថ្ងៃ។ គាត់នឹងត្រូវអមដំណើរដោយគណៈប្រតិភូនាយកប្រតិបត្តិរបស់សហរដ្ឋអាមេរិក រួមទាំង លោក Jensen Huang ជា CEOក្រុមហ៊ុន Nvidia Corp និង លោក Sam Altman មេធំរបស់ OpenAI ។
ក្រុមហ៊ុន BlackRock មានផែនការវិនិយោគ 700 លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យអង់គ្លេសដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាច្រើនដែលត្រូវប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Trump នៅសប្តាហ៍ក្រោយនេះ Sky News បានរាយការណ៍កាលពីថ្ងៃសៅរ៍។ ចាប់តាំងពីដើមឆ្នាំមក ប្រទេសទាំងពីរបានចេញផ្សាយផែនការសកម្មភាព AI ។ ក្រុមហ៊ុនអាមេរិកដូចជា Anthropic និង OpenAI កំពុងបង្កើតការិយាល័យអន្តរជាតិកាន់តែខ្លាំងឡើងនៅទីក្រុងឡុងដ៍ ខណៈដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដូចជា DeepMind បន្តវិនិយោគលើកិច្ចសហប្រតិបត្តិការឆ្លងអាត្លង់ទិក។