ទោះបីជា Nvidia គឺជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកក៏ដោយ នាយកប្រតិបត្តិ Jensen Huang ជាប់ចំណាត់ថ្នាក់ត្រឹមលេខរៀងទី 10 ប៉ុណ្ណោះក្នុងចំណោមអ្នកមានបំផុត ដោយសារតែទ្រព្យសម្បត្តិរបស់គាត់ត្រូវបានកំណត់ដោយការរំលាយភាគហ៊ុន និងការលក់ភាគហ៊ុន។
សារព័ត៌មាន CNBC បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់បុរសអាយុ 62 ឆ្នាំរូបនេះបានកើនឡើងច្រើនជាងមួយភាគបួន ឬប្រហែល 29 ពាន់លានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ 2025 មក។ គិតត្រឹមថ្ងៃទី 8 ខែកញ្ញា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Huang មានចំនួន 147 ពាន់លានដុល្លារ ដោយឈរពីក្រោយលោកតា Warren Buffett នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg ។
លោក Buffettមានទ្រព្យសម្បត្តិចំនួន 148 ពាន់លានដុល្លារ តែក្រុមហ៊ុន Berkshire Hathaway មានតម្លៃប្រហែលមួយភាគបួននៃមូលធននីយកម្មទីផ្សាររបស់ ក្រុមហ៊ុនNvidiaដែលមានតម្លៃ4ទ្រីលានដុល្លារ។ ចំណែកលោកBernard Arnault នាយកប្រតិបត្តិនៃ ក្រុមហ៊ុនLVMH ឈរលេខ៨ក្នុងចំណោមអ្នកមានពិភពលោកដែលមាន 164 ពាន់លានដុល្លារទោះបីជាក្រុមប្រណីតមានតម្លៃក្រោម 300 ពាន់លានដុល្លារ ឬតិចជាងមួយភាគដប់នៃក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Nvidia ក៏ដោយ។
លោក Huang ដែលបានបង្កើតក្រុមហ៊ុន Nvidia ក្នុងឆ្នាំ 1993 និងបានបម្រើការជានាយកប្រតិបត្តិតាំងពីពេលនោះមក ហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានរារាំងដោយការរំលាយភាគហ៊ុន។
មុនពេល IPO របស់ Nvidia ក្នុងឆ្នាំ 1999 គាត់កាន់កាប់ 12.8% នៃភាគហ៊ុនក្រុមហ៊ុនដែលនឹងមានតម្លៃជាង 500 ពាន់លានដុល្លារនៅថ្ងៃនេះ។
កម្មសិទ្ធិរបស់គាត់បានធ្លាក់ចុះមកត្រឹម 9.9% ក្នុងឆ្នាំ 1999, 7.1% ក្នុងឆ្នាំ 2003 និង 4.4% ក្នុងឆ្នាំ 2010។ ចាប់តាំងពីឆ្នាំ 2020 វាមានស្ថេរភាពនៅចន្លោះពី 3.5% ទៅ 4% ។
បើតាមការប្រៀបធៀប Buffett កាន់កាប់ប្រហែល 14% នៃ Berkshire, Arnault គ្រប់គ្រងប្រហែលពាក់កណ្តាលនៃ LVMH ហើយបុរសមានបំផុតនៅលើពិភពលោក Elon Musk កាន់កាប់ប្រហែល 13% នៃ Tesla និង 42% នៃ SpaceX ។
លោក Huang ក៏បានកាត់បន្ថយការកាន់កាប់របស់គាត់តាមរយៈការលក់ភាគហ៊ុនផងដែរ។ កាលពីខែមីនា លោកបានប្រកាសពីផែនការលក់ភាគហ៊ុន Nvidia ដល់ទៅប្រាំមួយលានហ៊ុននៅចុងឆ្នាំនេះ។ ការលក់លើកដំបូងរបស់គាត់ក្នុងខែមិថុនា រកចំណូលបានប្រហែល 15 លានដុល្លារ នេះបើយោងតាម CNBC ។ នៅឆ្នាំ 2024 គាត់បានលក់ភាគហ៊ុនប្រហែល 700 លានដុល្លារតាមរយៈផែនការដែលបានរៀបចំទុកជាមុន។