ខេត្តកណ្តាល÷ យុវជនម្នាក់បានសុំខ្ចីទូរសព្ទដៃជាងម៉ូតូម្នាក់ដើម្បីទូរសព្ទទៅមិត្តភក្តិ តែបែរជាយកទៅបញ្ចាំយកលុយទៅចាយអស់ទៅវិញ។ ក្រោយកើតហេតុជន សង្ស័យបានចូលខ្លួនមកសារភាពកំហុស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី៤ កញ្ញា ២០២៥ នៅក្នុងបុរីពិភពថ្មី ១ ភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សាល សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំរស់ នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ ហេង សុភា ភេទ ប្រុសអាយុ៣០ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិឃុំជាមួយគ្នា។
លោកអធិការបានបន្តថា វត្ថុបាត់បង់គឺជាទូរសព្ទដៃ ១គ្រឿង ម៉ាក iPhone 12 Pro Max ពណ៌ទឹកប្រាក់។ តាមការឆ្លើយសារភាពរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ខ្លួនពិតជាបានសុំខ្ចីទូរសព្ទជនរងគ្រោះមែន ហើយបានយកទៅដាក់បញ្ចាំនៅភ្នំពេញបានប្រាក់ ២០០ដុល្លារ ហើយយកទៅចាយអស់ទៅវិញ។
ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីឲ្យជួយស្រាវជ្រាវរហូតដល់ថ្ងៃទី១៣ កញ្ញា ២០២៥ ជនសង្ស័យក៏បានចូលខ្លួនមកសារភាពកំហុស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕