សេដ្ឋកិច្ច៖ តម្លៃហាងឆេងមាស នៅតែបន្តស្ថិតក្នុងតម្លៃខ្ពស់ដដែលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានតម្លៃ ៤៣៩០ ដុល្លារ ក្នុងមួយតម្លឹង នៅមុនពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី១៧ ខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតែបន្ត។
ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានបញ្ជាក់ថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងភាពតានតឹងនៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ឆ្លុះបញ្ចាំងអំពីអស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងរវាងអាមេរិក-វេនេស៊ុយអេឡា ខណៈបាតុកម្មនៅនេប៉ាល់ជាដើម ដែលបានជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ហើយរុញច្រានឱ្យតម្លៃមាសស្ទុះឡើង។
លោកប្រធានផ្នែកប្រឹក្សាយោបល់រូបនេះ បន្ថែមថា កំណើនការងារនៅអាមេរិកមិនមានការកើនឡើងនោះទេ ដែលធ្វើឱ្យលុយដុល្លារធ្លាក់ចុះ ខណៈសេដ្ឋកិច្ចអាមេរិកក៏ថយចុះ ហើយចំណូលគិតជាមួយម៉ោងនៅអាមេរិកក៏មិនមានការកើនឡើង តែបែរជាកើនឡើងអ្នកអត់ការងារធ្វើ ក៏ជាកត្តាធ្វើឱ្យមាសកើនឡើង។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១០៖០០ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ តម្លៃហាងឆេងមាសកំពុងជួញដូរ ៤ ៣៩០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៣៨ ដុល្លារ ក្នុងមួយជី៕ដោយ៖តារា