ចិន និងកម្ពុជា ជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់៣៥លានដុល្លាសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអនុញ្ញាតជូនលោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម១ តំណាងនៃក្រុមហ៊ុន SINOMACH Hainan និងតំណាងមកពីក្រុមហ៊ុនចំនួន៥នៃខេត្តហាងចូវ និងខេត្តគ័ងស៊ី សហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុ ណាត់ អាហ្គ្រោប្រដាក់ ឯ.ក និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនចិន និងកម្ពុជា ដើម្បីនាំចេញស្វាយចន្ទីស្ងួត ២០ ០០០តោន និងស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុងមួយឆ្នាំ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន SINOMACH Hainan ដែលបានចូលរួមវិនិយោគ និងនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ប្រទេសចិន។
សូមគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅរក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មីការ និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានស្នើទៅក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃ ស្វាយចន្ទីកម្ពុជា។

គួររម្លឹកថា ទំនិញសំខាន់ដែលកម្ពុជានាំចេញទៅទីផ្សារចិន មានភាគច្រើនជាផលិតផលកសិកម្ម ដូចជា អង្ករ ស្វាយ ចេក ផ្លែមៀន ដំឡូងមី ម្រិក និងផលិតផលជលផលមួយចំនួន។ ដោយឡែក ទំនិញដែលកម្ពុជានាំចូលពីចិន មានភាគច្រើនគឺជាវត្ថុធាតុដើម បម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មយានយន្ត និងសំណង់ជាដើម…។

កម្ពុជា-ចិន អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួមគ្នា (CCFTA) កន្លងមកនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាយន្តការថ្មីមួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាស ក្រុមហ៊ុន ព្រមទាំងបង្កើតអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ យោងតាមការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង ៩០ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងជាបន្តបន្ទាប់។

ដោយឡែក របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិញបានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥២.៨២% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា គឺមានចំនួន៧,២០០លានដុល្លារអាមេរិក៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print