រឿងបាញ់សម្លាប់លោក Charlie Kirk ជនសង្ស័យមិនព្រមសហការជាមួយអាជ្ញាធរ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អភិបាលរដ្ឋ Utah លោក Spencer Cox បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញាថា ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មលើ សកម្មជនស្ដាំនិយម លោក Charlie Kirk មិនបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរទេ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតពីមូលហេតុនៅពីក្រោយការធ្វើឃាតនេះ តាមរយៈការសាកសួរមិត្តភក្តិ និងក្រុមគ្រួសាររបស់ជនសង្ស័យ។

លោក Spencer Cox បាននិយាយថាជនសង្ស័យឈ្មោះ Tyler Robinson មានអាយុ២២ឆ្នាំ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងរដ្ឋ Utah ហើយរូបគេនឹងត្រូវបានចោទប្រកាន់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតមិនទាន់អាចកំណត់បានថាតើហេតុអ្វីបានជាជនសង្ស័យរូបនេះបាញ់សម្លាប់លោក Kirk កាលពីថ្ងៃពុធសប្ដាហ៍មុននៅឡើយទេ។ លោក Kirk ដែលជាមនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជាសហស្ថាបនិកបណ្ដាញអង្គការនិស្សិតអភិរក្សនិយម Turning Point USA ត្រូវបាញ់សម្លាប់អំឡុងពិធីសំណេះសំណាលមួយដែលមានអ្នកចូលរួមជាង ៣០០០នាក់ ក្នុងទីក្រុង Orem ស្ថិតនៅចម្ងាយ៦៥គីឡូម៉ែត្រពីទីក្រុង Salt Lake City នៃរដ្ឋ Utah។
ថ្លែងប្រាប់កម្មវិធី This Week របស់ទូរទស្សន៍អាមេរិក ABC លោក Spencer Cox បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Robinson មិនបានសារភាពអ្វីនៅចំពោះមុខក្រុមអ្នកស៊ើបអង្កេតនោះទេ។ «រូបគេ (ជនសង្ស័យ) មិនផ្ដល់កិច្ចសហការ ប៉ុន្តែមនុស្សទាំងអស់ដែលស្គាល់រូបគេកំពុងផ្ដល់កិច្ចសហប្រតិបត្តិការ ហើយខ្ញុំគិតថា នេះជារឿងសំខាន់បំផុត»។ នេះជាការបន្ថែមរបស់អភិបាលរដ្ឋ Utah។
ជនសង្ស័យមានឈ្មោះ Robinson ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន (ពេលវេលានៅសហរដ្ឋអាមេរិក) ក្រោយប្រតិបត្តិការតាមប្រមាញ់ រយៈពេល ៣៣ម៉ោង ដែលបានបញ្ចប់ទៅ បន្ទាប់ពីឪពុករបស់ឃាតកបានជួយបញ្ចុះបញ្ចូលឱ្យជននោះប្រគល់ខ្លួនឱ្យប៉ូលិស។
អំឡុងសន្និសីទកាសែតកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមអ្នកស៉ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យបានសារភាពប្រាប់ឪពុករបស់ខ្លួន ហើយបានគំរាមថា នឹងសុខចិត្តបញ្ចប់ជីវិតខ្លួនឯង ជាជាងប្រគល់ខ្លួនឱ្យប៉ូលិស។ ក្រោយមក ឪពុករបស់គេក៏បានហៅទូរស័ព្ទទៅកាន់មិត្តភក្តិម្នាក់ដែលជាគ្រូបង្រៀនសាសនាគ្រិស្ត ហើយអ្នកទាំងពីរ បានព្យាយាមរំងាប់អារម្មណ៍របស់ជនសង្ស័យ។ បន្ទាប់ពីនោះ ពួកគេក៏បានទាក់ទងទៅកាន់ប៉ូលិសអាមេរិក រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ។ ជនសង្ស័យ Robinson មិនមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកឡើយ៕ ដោយធីរីណា

...

រូបថត​: the guardian

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print