ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរខែកន្លងមកនេះ បន្ទាប់ពីមានជម្លោះព្រំដែន និងការបិទច្រកព្រំដែនគោកជាឯកតោភាគីដោយយោធាថៃ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៥ ការនាំ ចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃបានធ្លាក់ចុះមកនៅត្រឹម ៨៦,៨៥លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៣៤% ខណៈដែលការនាំចូលពីប្រទេសថៃបានធ្លាក់ចុះមកនៅត្រឹម ៣៨០លានដុល្លារអាម៉េរិក ធ្លាក់ចុះ ៣៦,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
កងទ័ពថៃ បានចាប់ផ្តើមបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើ ដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា មុនពេលបញ្ជាឲ្យបិទច្រក ព្រំដែនគោកទាំងស្រុង នៅថ្ងៃទី ២៤ខែមិថុនា ឆ្នាំ ២០២៥។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ ហ្គាស និងអគ្គិសនីពីប្រទេសថៃ ព្រមទាំងកាត់ផ្តាច់ការប្រើប្រាស់បណ្តាញអ៊ីនធឺណិតរបស់ប្រទេសថៃផងដែរ។
ទោះបីជាមានការធ្លាក់ចុះពាណិជ្ជកម្មយ៉ាងគំហុកក៏ដោយ ក៏មន្ត្រីកម្ពុជា អះអាងថា ការរំខាននេះកំពុងបង្កើតឱកាសថ្មី។ កម្ពុជាកំពុងធ្វើការយ៉ាងសកម្មដើម្បីធ្វើពិពិធកម្មការនាំចេញកសិផលដែលងាកចេញពីប្រទេសថៃ ដោយពង្រឹងចេញដោយផ្ទាល់ទៅកាន់ទីផ្សារសំខាន់ៗដូចជាប្រទេសចិន និងវៀតណាម។ ក្រុមហ៊ុនចិនជាច្រើន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញដំឡូងមី ស្វាយចន្ទី ស្វាយ ទុរេន និងដំណាំផ្សេងៗទៀតដោយផ្ទាល់ពីកម្ពុជា។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា បន្ទាប់ពីការបិទព្រំដែនទំនិញរបស់កម្ពុជាមានការកកស្ទះមួយចំនួន ព្រោះថា ថៃទិញទំនិញពីកម្ពុជា គឺលក់បន្ដឲ្យប្រទេសចិន ដូច្នេះការបិទព្រំដែននេះនឹងធ្វើឲ្យទំនិញដែលផ្គត់ ផ្គង់ទៅចិនមានការខ្វះខាត ដែលធ្វើឲ្យចិនមកទិញ ទំនិញដោយផ្ទាល់ពីកម្ពុជា និងមិនឆ្លងកាត់ប្រទេសថៃទៀតឡើយ។
លោកបានកត់សម្គាល់ថា កសិផលដែលកន្លងមកធ្លាប់មតែកកស្ទះ ដោយសារតែការបិទព្រំដែននេះ ឥឡូវនេះ គឺមិនមានការកកស្ទះទៀតនោះទេ។ ឧទាហរណ៍ ពោត ក្រហមទោះមិនមានការនាំចេញទៅប្រទេសថៃទៀតបានក៏ដោយ ប៉ុន្តែត្រូវបានស្រូបយកដោយឧស្សាហកម្មចំណីសត្វដែលកំពុងរីកចម្រើនរបស់កម្ពុជា ហើយកសិករសូមកុំព្រួយបារម្ភអំពីទីផ្សារទៀត។ ចំណែកការ នាំចេញដំឡូងមីវិញ ឥឡូវនេះកំពុងត្រូវបានទិញដោយផ្ទាល់ពីក្រុមហ៊ុនចិន ប៉ុន្តែលោកនៅតែលើកទឹកចិត្តឲ្យមានការកែច្នៃដំឡូងមីទៅជាម្សៅដំឡូងមី ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការផ្សងៗ ដូច្នេះកម្ពុជានឹងវិវត្តន៍ពីការនាំចេញវត្ថុធាតុដើម ទៅជាការកែច្នៃក្នុងការនាំ ចេញ។
ជម្លោះព្រំដែនកម្ពុជា និងថៃ ក៏បានបង្កឲ្យមានរលកនៃសាមគ្គីភាពជាតិនៅក្នុងប្រទេសកម្ពុជាយ៉ាងផុសផុល។ ពលរដ្ឋជាច្រើនកំពុងធ្វើពហិការទទួលយកទំនិញថៃនិង ផ្លាស់ប្តូរការគាំទ្ររបស់ពួកគេមកលើផលិតផលដែលផលិតក្នុងស្រុក។ ស្ថានភាពនេះត្រូវបានគេមើល ឃើញមថា នឹងជួយលើកស្ទួយឧស្សាហកម្មក្នុងស្រុកឲ្យកាន់ តែរីកចម្រើនយ៉ាងឆាប់រហ័ស, កាត់បន្ថយការពឹងផ្អែកផលិតផលនាំចូល និងជំរុញឯករាជ្យភាពសេដ្ឋកិច្ចកម្ពុជា៕