ខេត្តកណ្ដាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
ការលើកឡើងរបស់ លោក គួច ចំរើន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ។
លោក អភិបាលខេត្ត បន្តថា គិតមុខដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខេត្តកណ្ដាលមានចំនួន ៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១០០នាក់។ ហើយការចុះថយក្នុងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយមានការចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន របស់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យជំនួសអ្នកស្លាប់មានការថយចុះ។
លោក អភិបាលខេត្ត បន្ថែមថា បើទោះជាមានការថយចុះយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលរហូតដល់ ៦៤ នាក់ បើប្រៀបធៀបជាមួយសង្គ្រាមរវាង កម្ពុជា និងថៃ នាពេលកន្លងមក មានការស្លាប់ច្រើនជាងសង្គ្រាមទៀត។ ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីរូបគ្នាបង្ការ ទប់ស្កាត់ បញ្ជៀសការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅទៀបបំផុតតាមដែលអាចធ្វើទៅបាន៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល