សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងទីតាំងអគារខុនដូរ HANA ខណ្ឌសែនសុខ

ចែករំលែក៖

(ភ្នំពេញ)=កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយ មានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ  នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១  ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជន សង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤ សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់)  ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់(ប្រុស) ⁠ជន ជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តុិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន  ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។

បច្ចុប្បន្ន ជនជាតិកូរ៉េខាងត្បូង ជនជាតិនេប៉ាល់ ជនជាតិបង់ក្លាដេស និងខ្មែរ សរុបចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូស ត្រូវ បានប្រគល់ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយ មានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print