ខេត្តពោធិ៍សាត់៖ អគ្គិភ័យឆាបឆេះបំផ្លាញតូបលក់ដូរចំនួន ៦ ក្នុងផ្សារថ្មីខេត្តពោធិ៍សាត់ សំណាងល្អបានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ជួយអន្តរាគមន៍ពន្លត់ទាន់ពេលមិនបង្កឲ្យរាលដាលដល់តូបផ្សេងទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៥នេះ។
ភ្លាមៗនោះដែរក៏ឃើញមានការវត្តមានលោកកែវ សារិ អធិការ និងលោកអធិការរងនៅហ្នឹងកន្លែងកើតហេតុចាត់ចែងបញ្ជាផ្ទាល់រហូតដល់គ្រប់គ្រងស្ថានភាពបានតែម្ដង។
បើតាមសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុបញ្ជាក់ឲ្យដឹងថា ដំបូងឡើយគ្រោះអគ្គិភ័យនេះគេឃើញចាប់ផ្ដើមឡើងពីតូបលក់ប្រហិតមួយនៅជ្រុងផ្សារខាងជើងហើយបានបន្តឆាបឆេះអស់ចំនួន៦ តូប បានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន ៣គ្រឿងជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន៤ រថយន្តទើបភ្លើងរលត់ និងអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងមិនឲ្យរាលដាលឆាបឆេះបន្តជាទ្រង់ទ្រាយធំបន្តទៀត។
ចំពោះគ្រោះថ្នាក់អគ្គិភ័យនេះផងដែរសមត្ថកិច្ចយើងនៅមិនទាន់ដឹងថាខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននោះទេ បើតាមការសន្និដ្ឋានជាជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីដែលចេញពីតូបលក់ប្រហិត៕
ដោយ៖ ជ្រោយពេជ្រ