លោក​ គួច​ ចំរើន​ ណែនាំអាជ្ញាធរចុះស្រង់ស្ថិតិពលរដ្ឋខ្មែរទើបត្រលប់ពីថៃវិញ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើក្នុងស្រុកវិញ

ចែករំលែក៖

ខេត្ត​កណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល​ បានឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវមានការងារធ្វើឱ្យបានគ្រប់គ្នា ពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនឱ្យបានគ្រប់គ្នា និងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ។

តាមការឱ្យដឹងបែបនេះរបស់លោកអភិបាលខេត្ត ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព លោក​ សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,លោក ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។

លោកអភិបាលខេត្តកណ្ដាល បានឱ្យដឹងទៀតថា ការជំរុញដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវស្រង់ស្ថិតិឡើងវិញអោយបានច្បាស់ នូវបងប្អូនដែលជាពលករទើបនឹងវិលត្រឡប់មកពីប្រទេសថៃ គឺដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង។

អភិបាលខេត្តរូបនេះ​ បានបន្តថា បន្ទាប់ពីមានការបង្កអរិភាព និងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម បងប្អូនចំណាកស្រុកបានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។

បន្ថែមពីនេះ​ លោក​ គួច​ ចំរើន​ បន្ដថា ខេត្តកណ្តាល មានបងប្អូនពលករបានវិលត្រលប់មកស្រុកវិញប្រមាណ ២៦៦៨នាក់។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់អោយបានច្បាស់ ដើម្បីដឹងថាពួកគាត់ដែលមកវិញ គាត់ធ្វើអ្វី នៅទីកន្លែងណា។

គួរបញ្ជាក់ថា ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឲ្យដឹងពីអាជ្ញាធរស្រុកនានា មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង ទៅរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេង រីឯពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យអ្នកស្វែងរកការងារធ្វើមានចំនួនតិច។បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តនៅតែជំរុញឲ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ។

ដោយឡែក​បើតាមរបាយការណ៍របស់មន្ទីរការងារខេត្តកណ្តាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តកណ្តាល មានសហគ្រាស គ្រឹះស្ថានចំនួន ២០៣១ ដែលមានកម្មករនិយោជិតសរុបចំនួន ២១៥,៤៧២ នាក់ ស្រី ១៤៣,០៦៧នាក់៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print