ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងអ្នកភូមិបានផ្អើលចោមរោមមើលសាកសពបុរសម្នាក់ដែលអណ្ដែតក្នុង«អាងទឹកកំពីងពួយ» កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៥ កញ្ញា ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលគេសង្ស័យជាជនជាតិចិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសនោះមានវ័យប្រហែល៣០ឆ្នាំ ពាក់អាវយឺត ពណ៌ស ខោក្រណាត់ជើងវែង មានក្រឡាដូចសំពត់ហូល ។ ពុំមានអ្នកស្គាល់អត្តសញ្ញាណទេ តែបើតាមពិនិត្យភិនភាគ ជនរងគ្រោះទំនងជាជនជាតិចិន ប៉ុន្តែគេមិនដឹងពីប្រភពនៃតម្រុយជនរងគ្រោះទេសូម្បីតែមូលហេតុនៃការស្លាប់ក៏គេគ្មានតម្រុយដែរ ។
មន្ត្រីជំនាញបានចុះពីកាន់កន្លែងកើតហេតុ នៅព្រឹកថ្ងៃទី ១៦ កញ្ញា ដើម្បីធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះតាមបច្ចេកទេស។ មន្ត្រីជំនាញបានឲ្យដឹងខ្លះៗដែរថា សាកសពដែលគ្មានអត្តសញ្ញាណនេះ ទំនងត្រូវគេវាយរហូតសន្លប់ រួចយកទៅទម្លាក់ចោលក្នុងទឹក«អាងកំពីងពួយ» ។
នៅលើខ្លួនសាកសពពុំមានស្លាកស្នាមទេ មានតែស្នាមចំណងត្រង់កដៃទាំង០២ តែរកមិនឃើញចំណងនៅទីនោះទេ ។ យោងលើតម្រុយនេះ គេសង្ស័យជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងទឹក នៅពេលគេចងដៃ រួចបោះចូលទឹក។
លោក ឈឿង គឹមសុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ថា សាកសពជនរងគ្រោះ ពុំមាននរណាស្គាល់ទេ ហើយរហូតមកដល់រសៀលថ្ងៃទី ១៦ កញ្ញា សមត្ថកិច្ចក៏មិនទាន់ទទូលបានដំណឹងពីសាច់ ញាតិ ឬ មន្ត្រីស្ថានទូតបរទេសណាមួយដែរ។ ដូច្នេះ សាកសព មានតែបញ្ជូនទៅតម្កល់ទុកបណ្ដោះអាសន្ន នៅក្នុងវត្តតាង៉ែន និងរាយការណ៍បន្តទៅកាន់នាយកដ្ឋានជនបរទេស ដើម្បីជួយចាត់ការបន្តតែប៉ុណ្ណោះ៕