លោក ត្រាំ ប្តឹងកាសែត New York Times ទារសំណង់១៥ពាន់លានដុល្លារ ពីបទបរិហារកេរ្តិ៍

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ នៅរដ្ឋ Florida ប្រឆាំងនឹងកាសែតអាមេរិក New York Times ជាមួយការទាមទារសំណងយ៉ាងហោច១៥ពាន់លានដុល្លារ ពីបទបរិហារកេរ្តិ៍។

ពាក្យបណ្តឹងរបស់លោក ត្រាំ គឺផ្អែកលើបទអត្ថបទចេញផ្សាយជាច្រើន នាពេលកន្លងមករបស់ New York Times ដែលក្នុងចំណោមនោះ រួមមានទាំងអត្ថបទមួយ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២៤ ដែលបាននិយាយថា រូបលោកខ្វះខាតលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីកាន់តំណែងជាមេដឹកនាំ។
ក្នុងពាក្យបណ្តឹង មេធាវីរបស់លោក ត្រាំ បាននិយាយថា កាសែត New York Times បានចេញផ្សាយអត្ថបទរបស់ខ្លួនជាមួយចេតនាអាក្រក់ ដោយដឹងច្បាស់ថា ខ្លឹមសារនៃអត្ថបទទាំងនោះ សុទ្ធតែជាការបំភ្លៃនិងប្រឌិតអំពីលោកប្រធានាធិបតី ហើយវាបានបង្កឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ក៏ដូចជាមុខមាត់នៃអាជីវកម្មរបស់លោក ត្រាំ។
ចាប់តាំងពីឡើងកាន់អំណាចក្នុងអាណត្តិទី២ លោក ដូណាល់ ត្រាំ បានបង្កើនកិច្ចប្រឹងប្រែងគួរឱ្យកត់សម្គាល់ ក្នុងការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ។ កន្លងទៅក្នុងឆ្នាំនេះ លោកទើបតែបានប្តឹងកាសែតអាមេរិកមួយទៀត គឺ Wall Street Journal ដោយទាមទារសំណងយ៉ាងតិច ១០ពាន់លានដុល្លារ ខណៈកាលពីខែកក្កដា ក្រុមហ៊ុន Paramount ដែលជាក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយ CBS បានយល់ព្រមផ្តល់សំណង ដើម្បីបញ្ចប់ពាក្យបណ្តឹងរបស់លោក ត្រាំ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print