ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក S.MUTHUKRISHNAN អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់លោកប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌា នៅកម្ពុជានាពេលនេះ ថាពិតជាបាននាំមកនូវការពង្រឹងកិច្ចថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងឥណ្ឌា។
លោកវរសេនីយ៍ឯក S.MUTHUKRISHNAN បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គមេបញ្ជាការឥណ្ឌា ព្រមទាំងបានគូសបញ្ជាក់ពីការរួមចំណែករបស់កងទ័ពឥណ្ឌា ក្នុងឆ្នាំ១៩៩២ ដែលបានមកបេសកកម្មស្វែងរកសន្តិភាពនៅកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
លោកប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការមួយចំនួននាពេលបន្លងមក រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ក្នុងនោះមានការងារបណ្ដុះបណ្ដាល ការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសឥណ្ឌាដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា នាទសវត្ស ៩០ ហើយក្រោយពេលកម្ពុជាទទួលសន្តិភាពពេញលេញ ឥណ្ឌានៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជាលើច្រើនវិស័យ ដូចជា សុខាភិបាល អប់រំ ការដោះមីនជាដើម។
ឯកឧត្តមអគ្គមេបញ្ជាការ ស្នើដល់ឥណ្ឌា បន្តកិច្ចសហប្រតិបត្តិការថែមទៀត តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការប្រភេទទ័ពនិងប្រភេទទ័ព ការធ្វើលំហាត់សមយុទ្ធ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print