ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយផ្លូវលំ (ចាប់ពីស្ថានីយប្រេងឥន្ធនៈកាល់តិចទៅត្បូង) ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មេត្តាជ្រាបថា រដ្ឋបាលក្រុងបាវិត នឹងធ្វើការស្ថាបនាផ្លូវបេតុងខាងលើ ប្រវែង៤៦៣ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ គ្រោងនឹងដំណើរការនៅខែក្នុងកញ្ញា ឆ្នាំ២០២៥។
ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់ នៅតាមបណ្តោយផ្លូវខាងលើ មេត្តារុះរើរបង សំយ៉ាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណីផ្លូវសាធារណៈ របស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើសំណង់ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋនោះទេ រដ្ឋបាលក្រុងបាវិត នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងបាវិត សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។