គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥នេះ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សភាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ និង លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី។

សូមជម្រាបថា តាមកម្មវិធីគ្រោងទុក បន្ទាប់ពីអញ្ជើញដល់ប្រទេសម៉ាឡេស៊ី គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំពាក់ព័ន្ធនានាជាច្រើន នៃមហាសន្និបាតអាយប៉ាលើកទី៤៦ និងជំនួបទ្វេភាគីមួយចំនួនទៀត។ នៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈនិងដំណើរការនៃមហាសន្និបាតអាយប៉ាលើកទី៤៦និងការពិភាក្សាអនុម័តផែនការសកម្មភាពសំខាន់ៗ របស់អាយប៉ាខាងមុខទៀត។

សម្តេចប្រធានរដ្ឋសភា និងប្រធានគណៈប្រតិភូសមាជិកអាយប៉ា រួមនិងប្រធានគណៈប្រតិភូសភាសង្កេតការណ៍អាយប៉ា នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីនិងប្រធានអាយប៉ាលើកទី៤៦ ចូលរួមពិធីបើកមហាស្និបាត សម្តេចនឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ បន្ទាប់នឹងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១នៃមហាសន្និបាត ជាដើម។

ទន្ទឹមនឹងនោះ សមាជិកគណៈប្រតិភូផ្សេងទៀតនឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមតាមគណៈកម្មាធិការនានារបស់អាយប៉ារួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូករុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ប្រមាណ១៨ប្រទេស ផងដែរ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់ ផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចនានា ជូនរដ្ឋាភិបាល បណ្តាប្រទេសសមាជិកអាស៊ាន បញ្ចូលក្នុងគោលនយោបាយ របស់ខ្លួន ក្នុងការអនុវត្ត ឈានឆ្ពោះទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print