រដ្ឋមន្ត្រីក្រសួងអប់រំ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ស្តីពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាស្តីពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងនាពេលអនាគតក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ។

លើកឡើងក្នុងឱកាសនេះ លោកបណ្ឌិត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់នូវកិច្ចសហការគាំទ្រប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក និងបានបង្ហាញពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាច្រើនបន្ថែមទៀតនាពេលខាងមុខ។ តាមរយៈជំនួបនេះ ប្រធានបទសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សា ដូចជា៖ (១) ឱកាសសិក្សានៅប្រទេសឥណ្ឌូនេស៊ីតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី (អាហារូបករណ៍ KNB, Darmasiswa និងអាហារូបករណ៍ជំនួយឥណ្ឌូនេស៊ី – TIAS) និង កម្មវិធីផ្លាស់ប្តូរការបទពិសោធ (Exchange Program) សម្រាប់សិស្សនិស្សិត និងមន្ត្រីរាជការ, (២) ស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតមូលដ្ឋានទិន្នន័យសម្រាប់និស្សិតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី, (៣) ពិនិត្យលទ្ធភាពរៀបចំការបង្កើតមជ្ឈមណ្ឌលឥណ្ឌូនេស៊ី ដោយសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា និងការបង្រៀនភាសាឥណ្ឌូនេស៊ីនៅក្នុងសាកលវិទ្យាល័យកម្ពុជា (៤) ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការបង្កើតសមាគមនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូនេស៊ី និង(៥) ការជំរុញទំនាក់ទំនងលើកម្មវិធីអភិវឌ្ឍយុវជន និងកីឡារវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចូលរួមចំណែកគាំទ្រដល់រាល់ផែនការសកម្មភាពអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានរំលេចនូវសមិទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំងពីឆ្នាំ១៩៩៤ មក តាមរយៈការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដល់និស្សិត-មន្ត្រីកម្ពុជា ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (Master) និងចូលរួមវគ្គសិក្សាខ្លីជាច្រើន, កិច្ចសហប្រតិបត្តិការផ្នែកយុវជន,ការចូលរួមព្រឹត្តិការណ៍កីឡា, កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងឥណ្ដូនេស៊ី ដែលមានគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត បុគ្គលិក សាស្ត្រាចារ្យលើការសិក្សា ការចុះកម្មសិក្សា ព្រមទាំងការចូលរួមក្នុងសកម្មភាពសហគមន៍ និងវប្បធម៌ផ្សេងៗទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយគូសបញ្ជាក់នូវការឯកភាពលើសំណើររៀបចំឱ្យមានសមាគមនិស្សិតកម្ពុជាបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការសម្របសម្រួលជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីឱកាសអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌូនេស៊ីទៅកាន់សហគមន៍សិស្សនិស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសម្បូរបែបបន្ថែមទៀត តាមរយៈការបង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងការលើកកម្ពស់ទំនាក់ទំនងលើ​វិស័យកីឡានៃប្រទេសទាំងពីរ៕

ប្រភព : (ក្រសួងអប់រំយុវជននិងកីឡា)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print