ភ្នំពេញ : ដោយទទួលបានការអនុញ្ញាតពី លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅទីស្តីការ គ.ជ.ប លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបក្រុមនិស្សិត ដឹកនាំដោយ លោកបណ្ឌិត YAMADA Hiroshi សាស្ត្រាចារ្យនៃសាកលវិទ្យាល័យអន្តរជាតិ និងព័ត៌មាន Niigata នៃប្រទេសជប៉ុន។
បន្ទាប់ពីមតិស្វាគមន៍របស់ លោក ហង្ស ពុទ្ធា លោកបណ្ឌិត YAMADA Hiroshi បានថ្លែងអំណរគុណ ដល់ លោកប្រធាន គ.ជ.ប ដែលបានអនុញ្ញាតសម្រាប់ដំណើរទស្សនកិច្ចសិក្សាដល់ក្រុមនិស្សិត ដើម្បី សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ប្រព័ន្ធបោះឆ្នោត និងការគាំទ្រ ការបោះឆ្នោតពីសំណាក់អន្តរជាតិ រួមទាំងជំនួយពីប្រទេសជប៉ុន ដែលជាផ្នែកមួយនៃការសិក្សារបស់និស្សិត ស្តីពីការដោះស្រាយជម្លោះ និងការកសាងសន្តិភាព។
លោក ហង្ស ពុទ្ធា បានជម្រាបជូនក្រុមនិស្សិត អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ ឯកឧត្តមបានបន្តថា យោងតាមស្មារតីនៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ប្រទេសកម្ពុជាត្រូវរៀបចំការបោះឆ្នោតដោយខ្លួនឯង ក្រោម សមត្ថកិច្ចរបស់ គ.ជ.ប ដែលអនុវត្តតាមការកំណត់នៃច្បាប់ជាធរមាន។ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់ បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតសកល និងអសកល សរុបចំនួន ១៩លើក។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨ គឺជាការបោះឆ្នោតថ្នាក់ជាតិលើកដំបូង ដែលរៀបចំឡើងដោយ ប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ វាយតម្លៃថាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងត្រូវបានប្រតិភូសង្កេតការណ៍បោះឆ្នោតសហរដ្ឋអាមេរិកវាយតម្លៃថាជា “អច្ឆរិយនៃដងទន្លេមេគង្គ។
លោកក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃការបោះឆ្នោតដើម្បីឱ្យក្រុមនិស្សិត បានស្វែងយល់ ដែលរួមមាន៖
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
ការឃោសនាបោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំ គ.ជ.ប ក្រុមនិស្សិតនៃ ប្រទេសជប៉ុន បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រព័ន្ធបោះឆ្នោតនៅ កម្ពុជា និងនៅបណ្តាប្រទេសផ្សេងៗទៀត ដំណើរការរាប់សន្លឹកឆ្នោត និងតម្លាភាពនៃការបោះឆ្នោត។ល។
ជាការឆ្លើយតបនឹងសំណួរ ថ្នាក់ដឹកនាំ គ.ជ.ប បានធ្វើការពន្យល់ម្តងមួយសំណួរៗយ៉ាងលម្អិត ស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ហើយជាចុងក្រោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅលើពិភពលោកនេះ គ្មានប្រព័ន្ធបោះឆ្នោត ណាមួយដែលល្អឥតខ្ចោះនោះទេ ហើយការជ្រើសរើសយកប្រព័ន្ធបោះឆ្នោតណាមួយសម្រាប់យកមកប្រើ ប្រាស់នៅក្នុងប្រទេសរបស់ខ្លួន គឺអាស្រ័យទៅតាមបរិបទ និងច្បាប់នៃប្រទេសនីមួយៗ។
ក្រោយពីបានស្តាប់ការបកស្រាយនូវចម្ងល់របស់ខ្លួនរួចមក និស្សិតទាំងអស់បានថ្លែងអំណរគុណ ដល់ គ.ជ.ប ដែលបានចំណាយពេលវេលាទទួលជួបពួកគាត់ ដើម្បី បញ្ជ្រាបការយល់ដឹងអំពីការបោះឆ្នោត ឱ្យកាន់តែច្បាស់ថែមទៀត។
ចុងបញ្ចប់នៃជំនួបនេះ លោក ហង្ស ពុទ្ធា បានថ្លែងអរណគុណដល់ប្រជាជនជប៉ុន ដែលតាមរយៈ រដ្ឋាភិបាលជប៉ុន បានជួយប្រទេសកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតកន្លងមក រួមមានជំនួយផ្នែកបច្ចេកទេស សម្ភារ បរិក្ខារ ហិរញ្ញវត្ថុ និងអ្នកជំនាញការ ជាដើម។ ជាពិសេស ជំនួយឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមក្នុងគម្រោង Technical Assistance on Servers Renewal Project ដែលមានទឹកប្រាក់ ចំនួន ៧៥០.០០០.០០០ (ប្រាំពីររយហាសិបលាន) យ៉េន ក្នុងការផ្លាស់ប្តូរម៉ាស៊ីនមេ (Servers) នៅ អគារទីស្តីការថ្មីរបស់ គ.ជ.ប ដែលជាជំនួយដ៏មានសារៈសំខាន់ និងមានឥទ្ធិពលក្នុងការចូលរួមចំណែក លើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា។
ការទទួលជួបក្រុមនិស្សិតជប៉ុននេះ បានប្រព្រឹត្តទៅអស់រយៈពេលជាង ២ម៉ោង ដោយភាពស្និទ្ធស្នាល៕
ដោយ : សិលា