ខេត្តសៀមរាប៖ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោក យ៉ាន់ ស៊ីវ៉ាត់ បើករថយន្តបុកអ្នកជិះម៉ូតូបណ្ដាលឲ្យប្រជាការពារម្នាក់ស្លាប់ ខណៈកំពុងជិះល្បាតបទល្មើសព្រៃឈើ នៅលើដងផ្លូវជាតិលេខ៦ ដែលគេសង្ស័យប្រហែលទាំងអ្នកបើករថយន្ត និងម៉ូតូមានជាតិស្រវឹងនៅក្នុងខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តរបស់ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-7009 បានបើកបរដោយឈ្មោះ យ៉ាន់ ស៊ីវត្តិ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលគោក ខណ្ឌឫស្សីកែវ ក្រុងភំពេញ មានមុខរបរជាមេព្រៃប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយពីបុកម៉ូតូជនរងគ្រោះស្លាប់ មេព្រៃឈើរូបនោះ បានបើករថយន្តរត់គេចខ្លួនទៅទិសខាងកើតដល់ផ្លូវហាយវេ ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបរ ហើយបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងយប់ ដើម្បីឱ្យកម្លាំងនគរបាលជំនាញចាត់វិធានការបន្ត។
លោកអធិការនគរបាលស្រុកបានបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ ឈួត ចាន់រស្មី ភេទប្រុស អាយុ៥១ឆ្នាំ ជាប្រជាការពារឃុំកណ្ដែក រស់នៅក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជិះម៉ូតូម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1U-4092 បើកពីត្បូងទៅជើង ឆ្លងផ្លូវជាតិលេខ៦បត់ទៅលិច ក៏បុកជាមួយរថយន្ត បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះក្រោយពីកម្លាំងជំនាញចុះត្រួតពិនិត្យនិងធ្វើការវាស់វែងរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង រៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជានិរន្ដរ៍