ខេត្តកណ្ដាល៖ បុរសម្នាក់ប្រើប្រាស់ឧបករណ៍ឆក់ចុះឆក់ត្រីនៅក្នុងទឹកខុសបច្ចេកទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបឹងតានុល ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុន ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះនិងឈ្មោះ អុន តូច (ត្រូវជាបងបង្កើត) ព្រមទាំងអ្នកភូមិ៤ទៅ៥នាក់ទៀតបាននាំគ្នាយកឧបករណ៍ឆក់ត្រីជិះទូកសំដៅទៅបឹងតានុល ។ ពេលទៅដល់ជនរងគ្រោះបាននៅចាំទូករីឯបងប្រុសនិងអ្នកភូមិ៥នាក់ទៀតនាំគ្នាចុះពីទូកដើរឆក់ត្រី ខណៈពេលកំពុងនៅម្នាក់ឯងជនរងគ្រោះបានយកឧបករណ៍ឆក់ត្រីនៅលើទូកចុះទៅឆក់ត្រីនៅក្នុងទឹក ដោយសារតែខ្វះបច្ចេកទេស បណ្ដាលឲ្យឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់នៅក្នុងទឹក ។
មួយសន្ទុះក្រោយមកទើបបងប្រុសនិងអ្នកភូមិមកឃើញបានត្រឹមតែស្រង់សាកសពជនរងគ្រោះដាក់លើទូកយកទៅលំនៅដ្ឋានវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ