ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកគងពិសីបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់និងគ្រឿងញៀន២២កញ្ចប់កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត។
លោកវរសេនីយ៍ត្រីទុយថេនអធិការរងនគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ខែកញ្ញា២០១៦ថា ក្រោមការណែនាំពីលោកអធិកាលោកបានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានដើម្បីរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ់។ ក្នុងពេលល្បាតកម្លាំងរបស់លោកបានប្រទះឃើញមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនក៏ធ្វើការឃាត់ខ្លួនដើម្បីឆែកឆេរ។ បន្ទាប់ពីឃាត់ខ្លួនឆែកឆេររួចមកកម្លាំងរបស់លោកបានរកឃើញមានថ្នាំញៀនចំនួន២២កញ្ចប់នៅនឹងខ្លួនពួកគេក៏បានសុំគោលការថ្នាក់ដឹកនាំយកមកកាន់អធិការដ្ឋានស្រុកដើម្បីធ្វើការបន្តតាមនីតិវិធី។ លោកអធិការរងបន្តថា ជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងរបស់លោកឃាត់ខ្លួននៅវេលាម៉ោង១១យប់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី១ឈ្មោះម៉ូត លែល ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ទី២ឈ្មោះង៉ែត ណន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ទី៣ឈ្មោះប៉េង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងចាត់ការបញ្ជូនទៅកាន់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិថីច្បាប់៕
ដោយ៖ សេនាស័ក្តិ
...