មន្រ្តីជាន់ខ្ពស់ក្រសួង​ពាណិជ្ជកម្ម​ ចូលរួមពិធីសម្ពោធពន្លាជាតិកម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

(ណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពន្លាជាតិកម្ពុជានាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២២ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ 

ការរចនាពន្លាជាតិកម្ពុជាបានបំផុសគំនិត ដោយជ្រើសរើសក្រុងព្រះសីហនុជាទីក្រុងស្រស់ប្រិមប្រិយ និងបានយកសមុទ្រ និងទឹករលកជាគោល។ 

ប្លង់បាតនៃពន្លាជាតិកម្ពុជារួមមាន៖ 

1. ច្រកចូល (ក្លោងទ្វាកណ្តាលរចនាបែបសហសម័យច្នៃចេញពីទឹករលក និងនាគ អមដោយនិម្មិតសញ្ញា Cambodia Kingdom of Wonder នៅផ្នែកខាងលើ, ស្លាបឆ្វេងបានរៀបចំជាប្រអប់ពន្លឺ Lightbox ដាក់បញ្ជាំងរូបព្រះថោងតោងស្បៃនាងនាគ ដែលជានិមិត្តរូបនៃបុព្វការីរបស់ជនជាតិខ្មែរ ដោយបានផ្សារភ្ជាប់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃប្រជាជាតិខ្មែរ និងជាទីតាំងទាក់ទាញភ្ញៀវទេសចរមួយនៅក្នុងខេត្តព្រះសីហនុ), បន្តដោយទិដ្ឋភាពតំបន់អភិរក្សព្រៃកោងកាង និងបានតុបតែងដោយផ្កាថ្មចម្រុះ និងដើមកោងកាង, ស្លាបខាងស្តាំងផ្នែកខាងក្រៅបានដាក់តាំងបង្ហាញអំពីទិដ្ឋភាពឆ្នេរអូត្រិះដ៏ស្រស់ស្អាត ដែលមានឆ្នេខ្សាច់វែង និងសរក្បុស។

2. ការដាក់តាំងបង្ហាញផលិតផល (រៀបចំកន្លែងដាក់តាំងផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត ផលិតផលសក្កានុពលនាំចេញរបស់កម្ពុជាចំនួន១៧មុខ រួមមាន ១-សូត្រ, ២-ថាសប្រាក់, ៣-ប្រហុកម្សៅ, ៤-ស្វាយចន្ទីរ, ៥-ក្រូចថ្លុងកោះទ្រុង, ៦-ទឹកឃ្មុំមណ្ឌលគិរី, ៧-ស្ករត្នោតកំពង់ស្ពឺ, ៨-ម្រេចកំពត, ៩-ទឹកត្រីកំពត-កែប, ១០-អំបិលកំពត-កែប, ១១-អង្ករកម្ពុជា, ១២-ដំណាប់ស្វាយ, ១៣-ទុរេន, ១៤-ក្តាមថ្មកោះកុង, ១៥-សំបុក្រត្រចៀកកាំ, ១៦-បង្កងតាកែវ, និង១៧-អង្ករម្លិះក្រហម) នៅក្នុងប្រអប់រង្វង់មានភ្លើងបំភ្លឺមានរាងជាបង្អួចកាប៉ាល់ (Sub-marine) អមដោយ QR Code សម្រាប់សេ្គនដើម្បីទទួលបានព័ត៌មានបន្ថែម នៅស្លាបខាងឆ្វេងនិងខាងស្តាំផ្នែកខាងក្នុងពន្លាជាតិ 

3. នៅចំកណ្តាលមានរៀបចំជាម៉ាកែតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបង្ហាញអំពីសក្កានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងខេត្តព្រះសីហនុ (ចំពោះបាតក្រោមបានរៀបចំជាទិដ្ឋភាពបាតសមុទ្រ និងខ្សាច់) 

4. ឆាកសម្តែង និង LED Screen៖ មានរៀបចំជាឆាកសម្រាប់រៀបចំកម្មវិធីសម្តែងសិល្បៈ និង LED Screen សម្រាប់បញ្ជាំងវីដេអូផ្សព្វផ្សាយអំពីសក្តានុពលពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ នៅក្នុងខេត្តព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះក្រសួងពាណិជ្ជកម្មក៏បានរៀបចំឱ្យមានការសម្តែងសិល្បៈ ដោយសិល្បៈករ-សិល្បៈការិនី មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាប់ជាប្រចាំជូនភ្ញៀវទស្សនា ដោយប្រភេទសម្តែងមាន ១០ របាំ រួមមាន របាំជូនពរ, របាំនេសាទ, របាំគោះត្រឡោក, សុវណ្ណមច្ឆា, របាំផ្លិត, របាំក្ងោកប៉ៃលិន, របាំក្រាប,  ឆៃយ៉ាំ, ភួងនារី, និងក្រម៉ា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print