(វីដេអូ​)​៖​ ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន ចុះត្រួតពិនិត្យទាំងយប់នៅទីតាំងដែលទាហានថៃបាញ់កាំភ្លើងគ្រាប់ជ័រ ជំពាម និងគ្រាប់បែកផ្សែងបណ្ដាលឲ្យពលរដ្ឋ និងព្រះសង្ឃកម្ពុជារងរបួស នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះទៅត្រួតពិនិត្យទីតាំងដែលទាហានថៃរាយបន្លាលួស និងបាញ់ប្រហារដោយគ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ជ័រ ព្រមទាំងជំពាមគ្រាប់ឃ្លី មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពចុះពិនិត្យទាំងយប់នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានពន្យល់ និងបង្ហាញរូបភាពនៃសកម្មភាពបំពានម្ដងហើយម្ដងទៀតរបស់ក្រុមទាហានថៃ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ពិសេសនៅទីតាំងដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅ

សូមជម្រាបថា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា មានប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ប្រមាណ២៤អង្គ/នាក់ បានរងរបួសដោយសារការប្រើប្រាស់អំពើហិង្សាបាញ់ដោយកាំភ្លើងគ្រាប់ជ័រ និងជំពាមកៅស៊ូ ពីសំណាក់ក្រុមយោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលចេញការពារដីរបស់ច្បាប់របស់ពួកគាត់ពីការរំលោភបំពានរបស់ភាគីថៃ។

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។

សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមុខលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហៀរទឹកភ្នែក និងប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច២៤អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។

កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានប្រដាប់ដោយអាវុធ ហើយដែលកំពុងតែឈរជើងប្រចាំនៅក្នុងតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារៈកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ក្នុងការប្រកាន់ខ្ជាប់ខ្ជូនបំផុត នៃកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print