ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីបច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ២០២៥ មានដូចខាងក្រោម៖
I. សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្ត្រាលី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-
ថ្លែងក្នុងជំនួបនេះ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី បានគូសបញ្ជាក់ថា៖ “កម្ពុជា ស្រលាញ់សន្តិភាព ដោយកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ហើយបានស្គាល់ យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្គ្រាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើ កម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ។ កម្ពុជាបានប្រកាន់ខ្ជាប់ នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសការរួមរស់ ដោយភាពសុខដុមរមនាជាមួយប្រទេសជិតខាងគ្នា តាមរយៈស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងការដោះ ស្រាយជម្លោះជាមួយប្រទេសថៃ សំដៅកសាងសន្តិភាពយូរអង្វែង និងការវិលត្រឡប់មកវិញ នូវទំនាក់ទំនងជាអ្នកជិតខាងល្អ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និង ឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំ ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Putrajaya ហើយថា កម្ពុជា យល់ច្បាស់ នូវភាពចាំបាច់ក្នុងការជំរុញការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ ដើម្បីធានា ឱ្យការអនុវត្តបទឈប់បាញ់កាន់តែមានប្រសិទ្ធភាព សំដៅកសាងសន្តិភាពយូរអង្វែង និងការ វិលត្រឡប់មកវិញនូវទំនាក់ទំនងអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។”
II. សារស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC)
ស្ថានទូតបារាំងនៅភ្នំពេញ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ មាន ខ្លឹមសារទាំងស្រុងថា “បារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី ១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ ហើយលើកទឹកចិត្តឱ្យភាគី ទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ បារាំងស្វាគមន៍ ជាពិសេស ចំពោះការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងការបំពេញការងាររួមគ្នា ដើម្បីដោះមីននៅតាមព្រំដែន។ បារាំងបញ្ជាក់សាជាថ្មី នូវការគាំទ្រដ៏ពេញទំហឹងរបស់ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ថិរភាពក្នុងតំបន់។ ”
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមអរគុណជ្រាលជ្រៅ ចំពោះសារ គាំទ្រដ៏មានតម្លៃរបស់បណ្តាប្រទេសជាមិត្ត ក្នុងការអបអរសាទរដល់កិច្ចប្រជុំពិសេសលើកទី ១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ ដែលជាការ គាំទ្រដល់ដំណោះស្រាយសន្តិវិធីចំពោះបញ្ហាវិវាទព្រំដែន ដោយគោរពតាមគោលការណ៍ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់។ សារគាំទ្រទាំងនេះ បង្ហាញឲ្យឃើញយ៉ាង ច្បាស់នូវឆន្ទៈរួមគ្នា ក្នុងការការពារនិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ចាប់តាំងពីកើតវិបត្តិថ្ងៃដំបូងមក កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការកាត់បន្ថយ ភាពតានតឹង សំដៅស្តារភាពស្ងប់ស្ងាត់និងប្រក្រតីភាពឡើងវិញ ហើយនៅតែបន្តប្តេជ្ញាចិត្ត ដោយមានការគាំទ្រយ៉ាងរឹងមាំពីបណ្តា យ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ប្រទេសជាមិត្ត និងដៃគូ ជាពិសេសប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន។
III. គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី ៥០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ឃុំខ្លួនដោយយោធាថៃ ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយ សុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ដោយ៖តារា