ភ្នំពេញ៖ ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន ១៧ផ្សេងទៀត នៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ នេះបើតាមក្រសួងការបរទេសកម្ពុជា នាយប់ថ្ងៃទី១៧ ខែកញ្ញានេះ។
ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា, ដាក់របាំងឃាំង និងចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅឋាន ដែលពួកគេបានរស់នៅតាំងពីយូរលង់ណាស់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា មានពលរដ្ឋខ្មែរចំនួន ២៥គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសំបែង និងស្រែចំការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០នាក់៕ដោយ៖តារា