ទីក្រុងគួយលីន៖ ក្នុងដំណើរអញ្ជើញចូលរួម «វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥» (2025 ASEAN-China Mayors’ Forum) លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទចិន ជាមួយប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍អាស៊ាន រួមមានប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម និងទីម័រខាងកើត។ ជាមួយគ្នានេះតំណាងលេខាធិការដ្ឋានអាស៊ានក៏មានវត្តមានក្នុងកិច្ចប្រជុំនេះដែរ។
ក្នុងជំនួបនោះ លោក Ni Hong បានបញ្ជាក់ថា នគរូបនីយកម្មរបស់ប្រទេសចិនកំពុងផ្លាស់ប្តូរពីកំណើនយ៉ាងឆាប់រហ័សទៅជាការអភិវឌ្ឍប្រកបដោយស្ថិរភាព ខណៈដែលអាស៊ានក៏កំពុងមានការកើនឡើងនូវនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ វេទិកាអភិបាលក្រុងចិន-អាស៊ាន២០២៥នេះ នឹងដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសន្ទនារវាងអភិបាលក្រុងចិន និងអាស៊ាន។
លោកសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា ការសាងសង់លំនៅឋានប្រកបដោយគុណភាព ការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងសំណង់ឆ្លាតវៃ ចែករំលែករបកគំហើញ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងរួមចំណែកផ្នែកប្រាជ្ញា និងកម្លាំងដើម្បីលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍរួម និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់៕