ប្រទេសម៉ាឡេសុី ៖ នៅមុនពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសម ជាមួយ លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA)លើកទី៤៦។
លោកប្រធានអាយប៉ាលើកទី៤៦ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានគណៈប្រតិភូចូលរួមទាំងអស់ ដែលការណ៍នេះឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ាន ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបដិសណ្ឋារកិច្ច និការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតលើកទី៤៦របស់សភាម៉ាឡេស៊ីប្រកបដោយភាពអធិកអធមនិងអត្ថន័យដ៏សំខាន់នៅក្នុងការលើកកម្ពស់កិច្ចសន្ទនា ក្រោមស្មារតីអាស៊ាន ក្នុងការកសាងសហគមន៍មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួមជាមួយបណ្តាប្រទេសជិតខាងទាំងអស់ជាសមាជិក។ ។ អាស៊ាននិងអាយប៉ាដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព និងវិបុលភាពក្នុងតំបន់និងសកលលោក។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា៕
ដោយ ៖ សិលា