លទ្ធផលការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ឆ្នាំ២០២៥ !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន លោក វ៉ា សំណាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងស្ថិតិ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ។

បើតាមលោកប្រធាននាយកដ្ឋាន ការងារសំខាន់ៗទាំងនោះ រួមមានបានរៀបចំ សម្របសម្រួល ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួង ដាក់ចេញផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន ដាក់ចេញផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល (២០២៦-២០២៨ ) និងគម្រោងថវិកាឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន។ 

លោកបន្ថែមថា ក្នុងរយៈពេលនេះ អគ្គលេខាធិការដ្ឋានក៏បានរៀបចំបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រី អំពីរបៀបរបបធ្វើរបាយការណ៍ កំណត់ហេតុ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ផែនការថវិកា និងការតាក់តែងឯកសាររដ្ឋបាល និងការងារដទៃទៀតដែលស្ថិតក្រោមតួនាទី ភារកិច្ចនៃអគ្គលេខាធិការដ្ឋាន។ 

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន បានជួយសម្របសម្រួលបំពេញលក្ខខណ្ឌនានាជូនមន្ត្រីក្រោមឱវាទ ដើម្បីចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលនៅតាមគ្រឹះសា្ថនអប់រំផ្សេងៗផងដែរ។ បើតាមលោក វ៉ា សំណាង  ក្នុងរយៈពេល៦ខែមកនេះ មន្ត្រីរាជការចំណុះអគ្គលេខាធិការដ្ឋាន បានទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេសសរុបមានចំនួន៦៧រូប ស្រី១៤រូប។ 

ក្រៅពីនេះ អគ្គលេខាធិការដ្ឋាន ក៏បានពង្រឹងប្រព័ន្ធគ្រប់គ្រងលំហូរចរន្តរដ្ឋបាល និងឯកសារក្រសួងបន្ថែមតាមរយៈការបង្កើតក្រុមការងាររដ្ឋបាលប្រមូលផ្ដុំ និងប្រព័ន្ធគ្រប់គ្រងតាមដានលំហូរឯកសារក្នុងទីស្ដីការក្រសួងមហាផ្ទៃសម្រាប់គាំទ្រការងារនេះ។ ក្នុងនោះឯកសារដែលទទួលបាន មានចំនួនជាង១ម៉ឺន២ពាន់ច្បាប់ ឯកសារដែលមកពីក្រសួងខាងក្រៅជិត៩ពាន់ច្បាប់។

បើតាមលោកប្រធាននាយកដ្ឋានដដែល កន្លះឆ្នាំនេះដែរ អគ្គលេខាធិការដ្ឋានបានបញ្ជូនលិខិតចេញទៅបណ្ដាក្រសួង ស្ថាប័ន និងអង្គភាពចំណុះ ក្រសួងជាង១ម៉ឺន១ពាន់ច្បាប់។សម្រាប់ការងារគ្រប់គ្រងទីស្ដីការក្រសួង អគ្គលេខាធិការដ្ឋានក៏បានរៀបចំសម្របសម្រួលការងារពិធីការសម្រាប់កិច្ចប្រជុំ និងបដិសណ្ឋាកិច្ចចំនួនជាង៥០០លើក។ 

អគ្គលេខាធិការដ្ឋានបានសម្របសម្រួលជំនួប សម្ដែងការគួរសម និងពិភាក្សាការងារទាំងក្នុង និងក្រៅប្រទេសជូនឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំនួន ២២លើក ក្នុងនោះរួមមាន ជំនួបជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត៦លើក ជំនួបជាមួយអង្គការនិងសមាគមអន្តរជាតិ៧លើក ជំនួបជាមួយថ្នាក់ដឹកនាំបរទេស៥លើក និងបានអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិតបំពេញការងារនៅក្រៅប្រទេសចំនួន៤លើក វៀតណាម២លើក ឡាវ១លើក និងប្រទេសសិង្ហបុរី១លើក។ 

អគ្គលេខាធិការដ្ឋាន ក៏បានសហការសម្របសម្រួលរៀបចំកម្មវិធីជំនួបរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាមួយថ្នាក់ដឹកនាំបរទេស អង្គទូត អង្គការសង្គមស៊ីវិលចំនួន ៣លើក រៀបចំលិខិតអញ្ជើញ សារជូនពរ ថ្វាយព្រះពរ និងបេសកកម្មជូនថ្នាក់ដឹកនាំដែលជាឥស្សរជនជាន់ខ្ពស់របស់អន្តរជាតិចំនួន៥៣៣ច្បាប់ និងបានសហការរៀបចំឯកសារ ជំនួយស្មារតី និងបំពេញនីតិវិធីពាក់ព័ន្ធសម្រាប់ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនានា។ 

ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានក៏បានទទួលលិខិតចូលពីសមាជិកអាស៊ាន និងដៃគូរពាក់ព័ន្ធប្រមាណ១៥០ច្បាប់ បញ្ជូនលិខិតទៅបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូរពាក់ព័ន្ធ៨៦ច្បាប់ ចូលរួមកិច្ចប្រជុំ និងវគ្គបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស២៧លើក និងការងារសម្រេចបានជាច្រើនទៀតផងដែរ៕

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print