រដ្ឋសភាកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពប្រជាជនស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលអាជ្ញាធរថៃបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាល ចំនួន២៩អង្គ/នាក់

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខ សុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល អាជ្ញាធរថៃបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាលចំនួន២៩អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលពលរដ្ឋកម្ពុជាកំពុងធ្វើការទាមទារដោយសន្តិវិធីឱ្យ មានការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន។ យើងខ្ញុំសូមជូនពរដល់ប្រជាជនរងរបួស ទាំងអស់ឆាប់បានជាសះស្បើយ។

រដ្ឋសភា សូមសម្តែងនូវការខកចិត្ត និងថ្កោលទោសដាច់អហង្ការចំពោះភាគីថៃ ដែលបន្តធ្វើ សកម្មភាពនានា ដែលរំលោភយ៉ាងធ្ងន់ធ្ងរ លើបទឈប់បាញ់កម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលកន្លងមក។ ទង្វើទាំងនេះប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តនយោបាយ និងការខិតខំប្រឹងប្រែងនានា ដើម្បីស្ដារឡើងវិញនូវសុខសន្តិភាព និង ប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ។

រដ្ឋសភា ទទួចដល់ភាគីថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នូវការអនុវត្តបទឈប់ បាញ់កម្ពុជា-ថៃ ជាពិសេសការជំរុញការបង្កើត និងពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់ ដើម្បី ធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្តងទៀត រដ្ឋសភា សូមគាំទ្រយ៉ាងពេញទំហឹងដោយមានជំនឿយ៉ាងមុតមាំ ចំពោះចំណាត់ ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុង ការការពារអធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈ ការទូត និងច្បាប់អន្តរជាតិ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ព កងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ក្នុងនាមជាប្រជាជាតិ មួយ គ្មានអ្វីសំខាន់ជាងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិ សេរីភាព នោះឡើយ។ អាស្រ័យ ហេតុនេះ យើងទាំងអស់គ្នា មានកាតព្វកិច្ច និងការលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print