ខេត្តកំពត៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៨និង៣៥នាទីយប់មានករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បានកើតឡើងនៅលើផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងភូមិដំណាក់ត្របែក ឃុំឬស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពតដែលបណ្តាល ឲ្យមានមនុស្ស២ នាក់រងរបួសធ្ងន់។
តាមប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះបានកើត ឡើងនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៤៥+៤៦ (កំពង់ត្រាច-លក)ម៉ូតូ១គ្រឿងម៉ាក Suzuki Raider ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ ១AC-១៦២៣ បើក បរដោយឈ្មោះ ទូច ទិញ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំឬស្សីស្រុកខាងលិច បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ភាគីម្ខាងទៀតបបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ដោយបំពានគន្លងផ្លូវ បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១FM-៧៨៧១ ដែលធ្វើដំណើរក្នុងទិស ដៅបញ្ច្រាសពីជើងទៅត្បូង។ ម៉ូតូដែលរងគ្រោះបើកបរដោយឈ្មោះ ម៉ី សារ៉ាំ ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិព្រៃពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
ករណីនេះបានបណ្តាលឲ្យអ្នកបើកបរទាំងសងខាងដួលរងរបួសធ្ងន់ ហើយម៉ូតូទាំងពីរគ្រឿងក៏បានខូចខាតយ៉ាងដំណំផងដែរ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញបានចុះទៅដល់ កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងប្រមូលវត្ថុតាងម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕