ខេត្តមណ្ឌលគិរី៖ រថយន្តឡិចស៊ីស RX400មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-4369 ដែលផ្ទុកឈើប្រណីត ប្រភេទឈើធ្នង់នៅក្នុងរថយន្តចំនួន១៤ដុំ ត្រូវបានកម្លាំងឧទ្យានុរក្សបរិស្ថាន និង កម្លាំងសមត្ថកិច្ចចុះបង្រ្កាប កាលពីវេលា ម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា នៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិត ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុក អូររាំង ខណៈឈ្មួញយកមកចតលាក់ទុក បម្រុងដឹកទៅលក់ ។
ការចុះបង្រ្កាបរថយន្តដឹកឈើប្រណីតខុសច្បាប់ខាងលើនេះ ដឹកនាំដោយលោក ហាន សាខន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងដោយមានការសហការជាមួយនគរបាលសេដ្ឋកិច្ចក្រសួង កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងផងដែរ ។ បច្ចុប្បន្នរថយន្ត និងឈើប្រណីតចំនួន១៤ដុំ ត្រូវបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តមណ្ឌល គិរី ដើម្បីចាត់ការទៅតាមនីតិវិធី ។
លោក ហាន សាខន អនុប្រធានមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា រថយន្តមានផ្ទុកឈើប្រណីតខុសច្បាប់ដែល បង្រ្កាបបាននេះគឺជនទុច្វរិតបានបើកយកមកលាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋរង់ចាំឱកាសល្អទើបបើកចេញយកទៅលក់ ឲ្យពួកឈ្មួញនៅតាមបន្ទាត់ព្រំដែននៃស្រុកកែវសីមា ប៉ុន្តែត្រូវបានកម្លាំងរបស់លោក និងកម្លាំងសមត្ថកិច្ចចុះបង្រ្កាបទាន់ពេល វេលា ចំណែកអ្នកបើកបររថយន្តវិញបាន រត់គេចខ្លួនបាត់ ។
ប្រភពពីក្រុមឈ្មួញតូចតាចបានបង្ហើបឲ្យដឹងថា រថយន្ដខាងលើនេះត្រូវបានគេស្គាល់ម្ចាស់មានឈ្មោះ ប្រុស ជារបស់មន្ត្រី សមត្ថកិច្ចមកពីភ្នំពេញដែលមានឥទ្ធិពលម្នាក់មករកស៊ីនៅចំណុចច្រកអណ្ដូងក្រឡឹងនេះជាយូរខែមកហើយ ។
ប្រភពបានបន្តថាមូលហេតុឈានដល់ការចាប់បង្ក្រាបរថយន្តខាងលើនេះមកពីមេឈ្មួញនោះបានប្រើតួនាទីនិងអំណាច របស់ខ្លួនមិនបង់លុយក្បាលឡានឲ្យសមត្ថកិច្ចជំនាញ នៅតាមដងផ្លូវទើបមានគេរាយការណ៍ប្តឹងឲ្យចាប់តែម្តង ។
ប្រភពដដែលបានបន្តថានៅមានមេឈ្មួញប្រមូលទិញឈើពីប្រជាពលរដ្ឋយ៉ាងសកម្មពីនាក់ទៀតដែលមាន តួនាទីជា ទាហានដឺបេនៃទីអគ្គបញ្ជាការប្រចាំខេត្ត មណ្ឌលគិរីដែលគេដឹងថាដៃម្ខាងយកលុយនិងដៃម្ខាងប្រមូលទិញឈើល្មើសច្បាប់ពីប្រជាពលរដ្ឋ ហើយបើសិនជាប្រជាពលរដ្ឋ ណាដឹកមកមិនលក់ឲ្យគឺគាត់ប្តឹងនិងគំរាមចាប់តែម្តង ៕
ដោយ៖ វុទ្ធ ឦសាន្ត