ស្នងការខេត្តកំពតប្រកាសឱ្យជនដៃដល់ឈ្មោះអ៊ុំ វុទ្ធី ប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ,មិនអាចគេច ខ្លួនបានរហូតនោះទេ

ចែករំលែក៖

ខេត្តកំពត÷ បន្ទាប់ពីកើតមានករណីឃាតកម្មលើគ្រួសារ ១ បណ្ដាលស្លាប់មនុស្ស៣នាក់ និងរងរបួសម្នាក់នោះស្នងការដ្ឋាននគរបាលខេត្តកំពត ចេញសេចក្តីអំពាវនាវឲ្យជនដៃដល់ប្រគល់ខ្លួនជូនសមត្ថកិច្ច។

នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥ នេះស្នងការដ្ឋាននគរបាលខេត្តកំពតបានសរសេរនៅលើបណ្ដាញសង្គមថា លោក អ៊ុំ វុទ្ធី គួរប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ លោកមិនអាចគេចខ្លួនបានរហូតនោះទេ។ ថវិកា ៤ លានរៀលនិងប្រគល់ជូនអ្នកដែលផ្តល់ពត៌មានច្បាស់ លាស់ឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើនេះ សូមផ្តល់ពត័៌មានតាមលេខទូរសព្ទ័ខាងក្រោមនេះ 016767365 ។

គួរបញ្ជាក់ថា កាលពីយប់ម៉ោង ៩និង៤០នាទីយប់ ថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានករណីបាញ់រះបណ្តាលឱ្យស្លាប់មនុស្ស ៣នាក់ របួសធ្ងន់ ១នាក់។ ហេតុការណ៍នេះកើតឡើងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។ ក្រោយកើតហេតុជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចបានកំណត់មុខ សញ្ញាបាន និងកំពុងតាមចាប់ខ្លួន។

តាមការឱ្យដឹងពីសមាជិកគ្រួសារជនរងគ្រោះបានឱ្យដឹងថា គ្រួសារទាំងពីរមានទំនាស់គ្នាជាយូរឆ្នាំមកហើយ។ ករណីដែលឈានដល់មានការបាញ់រះនេះកើតឡើងបណ្តាលមកពីសត្វឆ្កែ។

ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានជួបជុំគ្នារៀបចំកម្មវិធីហូបចុក មានទាំងការអាំងសាច់ជាដើម។ ពេលកំពុងអាំងសាច់ជុំគ្រួសារស្រាប់តែមានឆ្កែខ្មៅ១ក្បាលបានមកពាំសាច់ (ត្រីបបែលអាំង) រត់ចេញទៅក្រៅ តែពេលនោះជនរងគ្រោះម្នាក់បានយកស្បែកជើងដេញគប់ឆ្កែនោះ តែក៏បានផ្លាតទៅត្រូវប្រពន្ធជនដៃដល់។

បន្ទាប់ពីគប់ត្រូវប្រពន្ធជនដៃដល់ក៏បានបង្កជាជម្លោះ មិនយូរប៉ុន្មានប្រពន្ធជនដៃដល់បានទូរសព្ទទៅកាន់ប្តីរបស់ខ្លួន។ មួយសន្ទុះក្រោយមកក៏ឃើញជនដៃដល់បានជិះម៉ូតូមកដល់មុខផ្ទះជនរងគ្រោះ ហើយធ្វើការបាញ់រះដោយមិនសំចៃដៃដោយកាំភ្លើងមិនស្គាល់ម៉ាក ប្រមាណជ៨ត២០គ្រាប់។

គ្រួសារជនរងគ្រោះបន្តទៀតថា ក្រោយបាញ់សម្លាប់ឱ្យជនរងគ្រោះស្លាប់ ២នាក់នៅនឹងកន្លែង និងរបួសធ្ងន់ ២នាក់នៅនឹងកន្លែង ជនដៃដល់មិនអស់ចិត្តក៏រត់សំដៅទៅជនរងគ្រោះជាស្ត្រីម្នាក់ដែលមិនទាន់ស្លាប់ ដោយយកកាំភ្លើងវ៉ៃក្បាលបន្ថែម កាច់បំបាក់ដៃ ហើយបាញ់បន្ថែមរហូតដល់ស្លាប់នៅនឹងកន្លែង។

ក្រោយបាញ់រះសម្លាប់រួច ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ តែសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត កំពត បានកំណត់មុខសញ្ញាបានច្បាស់ភ្លាមៗ ហើយបានបង្ហាញមុខជនដៃដល់ជាសាធារណៈ និងឈានដល់ផ្តល់ប្រាក់រង្វាន់ ៤លានរៀល សម្រាប់ការផ្តល់ព័ត៌មានឈានដល់ការឃាត់ខ្លួនជនដៃដល់។ ចំពោះករណីនេះ ពលរដ្ឋជឿជាក់លើចំណាត់ការដ៏ម៉ឺងម៉ាត់ និងរហ័សរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការតាមចាប់ជនដៃដល់មកកាត់ទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ។

...

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់ បង់ជីវិតទាំង ៣នាក់មានឈ្មោះ៖ ១.អែល វី ភេទប្រុស អាយុ ៥៣ឆ្នាំ, ២.ញ៉ែត ជ្រឿន ភេទស្រី អាយុ ៥៦ឆ្នាំ, ៣.ហ៊ួន ជ្រុយ ភេទស្រី អាយុ ៣១ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ រ៉ែន ពុធហេង ភេទប្រុស អាយុ ២១ឆ្នាំ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print