លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ​៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។

ពិធីនេះមានការចូលរួមពី លោកគណៈប្រតិភូ ស.អ.ក, លោក សមាជិក ព្រឹទ្ធសភាមណ្ឌលស្ទឹងត្រែង, លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, ឧត្តមសេនីយ៍ត្រី តន ឆៃ  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, កងកម្លាំង ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន។

លោកទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់ការគ្របដណ្តប់សុខភាពជាសកលជាអាទិភាព បូករួមទាំងអតីតយុទ្ធជននោះ បន្តផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ព្រមទាំងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបាច់បង់ប្រាក់។

ជាចុងបញ្ចប់ ទេសរដ្ឋមន្ត្រី ជាអគ្គលេខាធិការ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print