ប្រទេសម៉ាឡេស៊ី៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ មុននេះបន្តិច លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុខសន្តិភាពក្នុងតំបន់ ជាពិសេសទាក់ទងនឹងបញ្ហាកម្ពុជា-ថៃ។នេះបេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ប្រធានាធិបតី Trump ទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ី ក្នុងការសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាសមិទ្ធផលដ៏ធំធេង ដែលបង្ហាញពីអធិបតេយ្យភាព និងភាពរឹងមាំរបស់ម៉ាឡេស៊ី
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏ សរសើរ គាត់ ដែរ ចំពោះ តួនាទី ដែល សហរដ្ឋ អាមេរិក កំពុង តែ ធ្វើ ការ ធានា ថា បទ ឈប់ បាញ់ គ្នា បាន សម្រេច ។
ម៉ាឡេស៊ី ទន្ទឹងរង់ចាំវត្តមានរបស់លោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែក្រោយ ដែលនឹងក្លាយជាវេទិកាសំខាន់មួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់
ការសន្ទនាតាមទូរស័ព្ទនេះបានធ្វើឡើងនៅពេលដែល លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានទទួលការសម្តែងការគួរសមពី Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ស្របពេលកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ៕ដោយ៖តារា