សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥បានផ្សាយថា មន្រ្តីវៀតណាមពីររូប បានបង្ហើបឱ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម លោក To Lam ត្រូវបានរំពឹងថា នឹងចេញទៅបំពេញទស្សនកិច្ច នៅឯប្រទេសកូរ៉េខាងជើង ក្នុងអំឡុងខែតុលាខាងមុខ។
វានឹងជាលើកដំបូងបំផុតក្នុងរយៈពេលជិត២០ឆ្នាំ ដែលមេដឹកនាំវៀតណាមមួយរូប បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។ ប្រភពខាងលើ បានបដិសេធបង្ហើបអំពីកាលបរិច្ឆេទជាក់លាក់ នៃដំណើរទស្សនកិច្ចនោះ ព្រមទាំងប្រធានបទដែលអាចនឹងត្រូវពិភាក្សា ប៉ុន្តែមន្រ្តីម្នាក់បានប្រាប់ថា លោក Lam នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
លើកចុងក្រោយដែលមេដឹកនាំវៀតណាមមួយរូប បានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង គឺកាលពីឆ្នាំ២០០៧ នៅពេលអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nong Duc Manh បានចំណាយពេល៣ថ្ងៃ បំពេញទស្សនកិច្ចនៅទីនោះ។ វាគឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រមុខបក្សកុម្មុយនិស្តវៀតណាម គិតចាប់តាំងពីអតីតមេដឹកនាំ លោក Ho Chi Minh កាលពីឆ្នាំ១៩៥៧។ កាលពីឆ្នាំ២០១៩ លោក គីម ធ្លាប់បានបំពេញទស្សនកិច្ចមកកាន់វៀតណាម ដើម្បីបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam ទៅកូរ៉េខាងជើងនាខែក្រោយ នឹងកើតមានឡើងបន្ទាប់ពីលោក Lam បានធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ដែលជាប្រទេសមានទំនាក់ទំនងតានតឹង ជាមួយទីក្រុងព្យុងយ៉ាង កាលពីខែសីហា។ លោក Lam គឺជាមេដឹកនាំបរទេសដំបូងគេ ដែលត្រូវបានស្វាគមន៍ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung គិតចាប់តាំងពីលោក Lee ឡើងកាន់តំណែងកាលពីខែមិថុនា៕