ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន២នាក់ រួមទាំងឧបករណ៍ផ្សេងៗ និងសម្ភារ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងដកហូតជាបណ្ដោះអាសន្ន ករណីសង្ស័យរុករកវត្ថុមានតម្លៃ នេះបើយោងតាមការឲ្យដឹងពីប្រជាកសិករនៅក្បែរតំបន់នោះ កាលពីល្ងាចម្សិលមិញ ថ្ងៃព្រហស្បតិ៍្ត ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចបង្រ្កាបជនសង្ស័យ រុករកវត្ថុមានតម្លៃខាងលើ ត្រង់ចំណុចអូរធំ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានបង្រ្កាបទី-១ ឈ្មោះ អ៊ូច វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង(ម្ចាស់ទីតាំង)និងទី-២ ឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ ចំណុចអូរដំណាក់កន្សែង ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(កម្មករ)។
ប្រភពព័ត៌មានឲ្យដឹងបន្ថែមទៀតថា ករណីសមត្ថកិច្ចបង្រ្កាបជនសង្ស័យ រួមទាំងដកហូតសម្លាប់ផ្សេងៗនេះ កំពុងធ្វើសកម្មភាពជាក់ស្ដែង ដោយកាប់គាស់ជីកដីសង្ស័យរុករកវត្ថុមានតម្លៃ(ដោយដៃ)មានរៀងជារង្វង់មូលនិងមានជម្រៅប្រមាណ៣ម៉ែត្រ មានប្រើប្រាស់បូមទឹក និងអាចម៍ដី និងមានសង់រោង១ខ្នងប្រក់កៅស៊ូសម្រាប់ស្នាក់នៅ ហើយជុំវិញបរិវេណនោះក៍មានហ៊ុំព័ទ្ធទៅដោយស្បៃពណ៏ខ្មៅផងដែរ ។
ប្រភពព័ត៌មានបញ្ជាក់បន្ថែមថា សម្ភារៈដកហូតរួមមាន ម៉ាស៊ីន ម៉ាស៊ូត និងម៉ាស៊ីនសាំងចំនួន០៣គ្រឿង ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DC 5155 ១គ្រឿង ស៊ីម៉ងត៍ចំនួន២៣បាវ អំពូលសឡា១ ស្បៃពណ៏ខ្មៅ១ដុំ កៅស៊ូតង់២ដុំ បំពង់ទីបជ័រ០៤ដើម និងឧបករណ៍ផ្សេងៗ ដូចជា ចបកាប់ ចបជីក ប៉ែល កាំបិត ។ បច្ចុប្បន្ន ជនសង្ស័យ សម្ភារៈ និងឧបករណ៍ផ្សេងៗ កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ ដោយៈ ប៉ឹម ពិន