ភ្នំពេញ ៖ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១,៨៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាព ក្នុងនោះមានចំនួន ៩៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងចំនួន ៩០០គ្រួសារ រស់នៅខេត្តរតនគិរី។
ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងមកពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកនៅខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ ក្នុងនោះស្រុកកែវសីមា ចំនួន ១៥៩គ្រួសារ និងស្រុកកោះញែក ចំនួន ៧៩១គ្រួសារ។ ដោយឡែក ខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន ៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន ៥០០គ្រួសារ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕
ដោយ : សិលា