ខេត្តសៀមរាប៖ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៣០នាទី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំនិងសម្រប សម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបការនាំចូល និងធ្វើសន្និធិឈើចម្រុះគ្មានច្បាប់អនុញ្ញាត(បទល្មើសព្រៃឈើ) នៅក្នុងរោងសិប្បកម្មមួយ ដែលមានម្ចាស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុម៤៦ឆ្នាំ ស្ថិតនៅភូមិគោកឆ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងឃាត់ខ្លួនបានជាង ឈើម្នាក់ដែលជាជនជាតិផងដែរ។
សមត្ថកិច្ចបានបន្តថា ប្រតិបត្តិការនេះ ជំនាញរដ្ឋបាលព្រៃឈើ បានរកឃើញ និងដកហូត វត្ថុតាងឈើ ចម្រុះ ចំនួន ១៨៤ដុំ បញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ច កម្លាំងបានឃាត់ជនជាតិវៀតណាម ឈ្មោះ LE VAN HUYNH ភេទប្រុស អាយុ ៥១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C៩៩៧៤១៩១ មុខរបរជាងឈើនៅទីតាំងសិប្បកម្មខាងលើ ដោយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាមម្នាក់នេះពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់ ដែលតាមការ សាកសួរជនជាតិវៀតណាមខាងលើបានឲ្យដឹងថា រូបខ្លួនបានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៥ តាមច្រករបៀងជាប់ច្រកបាវិត (មិនបានប្រថាប់ត្រាច្រកទ្វារ)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំស្នើសុំគោលការណ៍បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ តាមនីតិវិធីផងដែរ។
សូមរំលឹកផងដែរថា ដំបូងឡើងក្រុមអ្មកសារព័ត៌មាន បានប្រទះឃើញ រថយន្ត កូរ៉េពណ៌ស១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2L-0883 កំពុងដឹកឈើចូលដាក់ក្នុងរោងសិប្បកម្ម ដែលមានទីតាំងស្ថិតនៅខាងលើ រួចបានធ្វើការផ្តិតយករូបភាព និងរាយការណ៍ជូនមន្ត្រីជំនាញចុះមកពិនិត្យ ក៍ឃើញថារថយន្ត កូរ៉េនោះឃើញថាពិត
ជាមានដឹកឈើពិតប្រាកដមែន ដោយខណ:នោះម្ចាស់រថយន្ត ដឹកឈើបានប្រាប់ថា ជាប្រភេទឈើ ឌួងចែម ដឹកមកពីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែមិនអាចលាក់បាំងជំនាញបានឡើយ ក៍ឈានដល់ការបង្ក្រាបរោងសិប្បកម្មនេះតែម្តង ដោយម្ចាស់រថយន្ត ដឹងថាសភាពការមិនស្រួលក៍បានបើករថយន្តគេចខ្លួនបាត់ស្រមោល៕