ស្រីពេជ្រ កូនមេយោធា ចេញមុខ​ដឹកឈើ​ល្មើសច្បាប់​ទ្រង់ទ្រាយធំប្រចាំទឹកដីកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ពាក់ព័ន្ធទៅនឹងបទល្មើសកាប់បំផ្លាញ ដឹកជញ្ជូនឈើល្មើសច្បាប់នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសសកម្មភាពចេញឈើយ៉ាងសម្រុកទៅវៀតណាម តាមច្រក ងាំដី ស្រុកកែវសីមា កំពុងក្លាយទៅជាប្រភពសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា-អូរាំង និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គឃ្លើនទៅនឹងការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ។ គេបានរាយការណ៍មកថា នៅស្រុកកែវសីមា ការដឹកជញ្ជូនឈើល្មើសច្បាប់បានក្លាយទៅជារឿងដ៏សាមញ្ញ ហើយមេឈ្មួញធំជាងគេ គឺជាកូនរបស់មេយោធា ឈ្មោះ ស្រី ពេជ្រ តែងតែប៉ៅផ្តាច់ក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់ចេញមុខឲ្យឈ្មួញផ្សេងៗ ដឹកឈើដោយខ្លួនឯង ដែលភាគច្រើន ឈើទាំងនោះប្រមូលចេញពីអូរាំង ហើយឆ្លងទៅវៀតណាមតាមច្រកងាំដី និងងាំបាតឹង ជិតនឹងច្រកឡាបាខេ ក្នុងមួយថ្ងៃយ៉ាងតិចមានចាប់ពី៣០ឡានឡើងទៅ ។

សមត្ថកិច្ចនៅទីនោះបានបង្ហើបថា មេយោធា មួយរូបកំពុងឲ្យកូន និងកូនប្រសារ ប្អូនប្រុសរបស់ខ្លួន រកលុយពីបទល្មើសព្រៃឈើ ក្នុងនោះលោក ថន គឹមស្រ៊ុង មេបញ្ជាការកងអនុសេនាតូច ចាំរាប់ក្បាលឡានយកលុយ រាល់សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ឆ្លងកាត់ទឹកដីស្រុកកែវសីមា ។ ដោយឡែក កូនប្រុសរបស់មេយោធាឈ្មោះ ហួរ ក៏មានតួនាទីយ៉ាងសំខាន់ ចាំរាប់ក្បាលឡានឈើយកប្រាក់ ចេញមុខឲ្យឈ្មួញដឹកឈើ ក៏ដូចជាការយកលុយពីឈ្មួញមកចាយវាយ ចាត់ចែងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ។ ចំពោះឈ្មោះ រិទ្ធ ដែលត្រូវជាស្វាមីមេឈ្មួញ (ស្រីពេជ្រ) និងត្រូវជាកូនប្រសារលោកមេយោធា ជាទម្លាប់របស់គាត់ ចាប់ឈើយកលុយពីឈើល្មើសច្បាប់ ការពារភរិយាដឹកជញ្ជូនឈើ ។ ម្យ៉ាងទៀត ឈ្មោះ រិទ្ធ រូបនេះ បានធ្វើឲ្យឈ្មួញដឹកជញ្ជូនឈើខ្លាចរអារ ទី១ បើចង់ដឹកត្រូវបង់ប្រាក់ថ្លៃក្បាលឡាន នោះមិនបង្ក្រាប តែបើបង់មិនគ្រប់ ប្រឈមការបង្ក្រាប ។ ដូច្នេះបច្ចុប្បន្ន ឈ្មួញទាំងអស់ត្រូវតែបង្ខំចិត្តរត់ទៅរកឲ្យស្រីពេជ្រ ដែលជាកូនមេយោធា និងជាភរិយាលោក រិទ្ធ ដឹកជញ្ជូនឈើ ស្ទើរតែគ្រប់គ្នាទៅហើយ ។

នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា-អូរាំង លោក ជុយ សុឃាង រងការរិះគន់យ៉ាងខ្លាំងក្លាថា មេព្រៃរូបនេះបានគិតគូរខ្ពស់ខាងរាប់ក្បាលឡានរកប្រាក់ ឬទទួលការបង់ណាមួយពីឈ្មួញប្រចាំខែ ទើបរាល់ការដឹកជញ្ជូនរបស់ឈ្មួញ ជាពិសេសក្រុមស្រីពេជ្រ ចង់មួយថ្ងៃដឹកប៉ុន្មានឡានកាត់មុខស្នាក់ការ មេព្រៃរូបនេះ បានត្រឹមតែសម្លឹងមើល និងរាប់ដើម្បីទូទាត់ប្រាក់តែប៉ុណ្ណោះ ។

ពាក់ព័ន្ធករណីនេះ «នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីលោក ជុយ សុឃាង កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោកវង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃដដែលនេះ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។ ប៉ុន្តែប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការបានរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមេយោធាឲ្យក្រុមគ្រួសាររបស់គាត់ គឺជាអ្នកចេញមុខរកស៊ីបទល្មើសព្រៃឈើ ចាប់ផង ដឹកផង យកលុយពីក្បាលឡានផង ធ្វើតាមទំនើងចិត្តពុំបានយល់អំពីភារកិច្ច តួនាទី ។ ដោយឡែក ចំពោះនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា-អូរាំង លោក ជុយ សុឃាង និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងមានមោទនភាពអ្វីដែលខ្លួនកំពុងទទួលបានកម្រៃពីបទល្មើសព្រៃឈើនោះ ។ បញ្ហាទាំងអស់នេះ គួរណាស់តែលោក ឆេង គឹមស៊្រុង ប្រធានរដ្ឋបាលព្រៃឈើ ត្រូវមានវិធានការទប់ស្កាត់ និងស៊ើបអង្កេតមានមន្ត្រីណាខ្លះ ដែលកំពុងពាក់ព័ន្ធក្នុងការទាញយកលាភសក្ការពីឈ្មួញដឹកឈើល្មើសច្បាប់ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយការដឹកជញ្ជូននេះទាំងយប់ ទាំងថ្ងៃនៅក្រោមក្រសែភ្នែកជំនាញរដ្ឋបាលព្រៃឈើនោះ ៕

rere

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print