ភ្នំពេញ : កងយោធាថៃ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី បានចាប់ផ្តើមធ្វើការបាញ់ប្រហារមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។
ទង្វើរបស់យោធាថៃផ្ទុះអាវុធតូច-ធំ មកលើកងកម្លាំងកម្ពុជា គឺជាការបំពានទៅលើបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរវេន ផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងមានការឃ្លាំមើលយ៉ាងដិតដល់ពីប្រទេសចិន រួមទាំងប្រទេសជាច្រើនទៀត។
ម្តងហើយម្តងទៀត យោធាថៃ តែងបង្កបញ្ហាមិនចេះចប់មកលើដែនអធិបតេយ្យភាពកម្ពុជា ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាផ្ទុះអាវុធ។ យកលេះផ្ទុះអាវុធនេះចោទកម្ពុជាថាបំពានបទឈប់បាញ់ ហើយបើកការបាញ់ប្រហារមកលើប្រទេសកម្ពុជាសារជាថ្មី។ យោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងយោធាកម្ពុជា ហើយបែរជាចោទថា កម្ពុជាបាញ់ប្រហារទៅលើយោធាថៃទៅវិញ។ ទោះយ៉ាងណាកងកម្លាំងកម្ពុជា មានការអត់ធ្មត់ខ្ពស់បំផុត ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត។
សកម្មភាពដ៏គឃ្លើនរបស់ប្រទេសថៃ គឺជាការជាន់ឈ្លីបទឈប់បាញ់ មិនគោរពច្បាប់អន្តរជាតិ ហើយមិនចាត់ទុកប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន នៅក្នុងកែវភ្នែកឡើយ។ ការរំលោភបំពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺចង់បង្កសង្គ្រាមសារជាថ្មី ដោយមិនខ្វល់ពីជីវិតរបស់កងទ័ព ឬជីវិតរបស់ប្រជាជនស្លូតត្រង់ឡើយ ដែលនេះគឺជាមហិច្ឆតារបស់ប្រទេសធំឈ្លានពានមកលើប្រទេសតូច ដូចជា កម្ពុជា ដែលចង់បានត្រឹមតែសុខសន្តិភាព និងមិត្តភាពជាមួយប្រទេសជិតខាង។
សូមអំពាវនាវដល់សហគន៍អន្តរជាតិ ថ្កោលទោសប្រទេសថៃ និងជួយស្វែងរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាផង ជួយប្រទេសកម្ពុជា ឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញពីប្រទេសថៃ។ សូមសារព័ត៌មានអន្តរជាតិ ជួយផ្សព្វផ្សាយពីទង្វើស្មោគគ្រោករបស់ប្រទេសថៃ ដែលមានមហិច្ឆតារំលោភឈ្លានពានចង់បានទឹកដី ប្រាសាទបុរាណពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកឲ្យស្គាល់ពីក្រយ៉ៅអាក្រក់ជូរជាតិរបស់ថៃ៕
ដោយៈ សុខ សុវណ្ណ (PRU)