ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និង ធ្វើកោសល្យវិច្ឆ័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុក ក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត ជាពិសេសប្រភេទគ្រាប់ដែលបានបាញ់ និង ទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញ សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាក៏ស្នើឱ្យភាគីថៃបង្ហាញឆន្ទៈដូចគ្នានេះផងដែរ។
បើតាមក្រសួងការពារជាតិកម្ពុជា យោងតាមស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីៗនេះ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។
ជាមួយគ្នានោះ យោធាកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕
ដោយ ៖ សិលា