ខេត្តកណ្តាល÷ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៦កញ្ចប់។ ការចាប់ខ្លួននេះធ្វើឡើងនៅយប់ថ្ងៃទី២៨ កញ្ញា ២០២៥ នៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះសយ ច្រឹលភេទប្រុស អាយុ ៣១ឆ្នាំនិងឈ្មោះ ចិន គា ភេទប្រុស អាយុ ២៩ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ ឈ្មោះ ចិន គា ក៏ធ្លាប់ជាប់ ពន្ធនាគារខេត្តកំពង់ស្ពឺរយៈពេល ១០ខែពីបទលួចផងដែរ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ គា (មិនស្គាល់ទីលំនៅ) បានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ចេញល្បាតហើយបានជួបជនសង្ស័យ ៣នាក់កំពុងឈរនៅមាត់ប្រឡាយ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យម្នាក់បានបោះថ្នាំញៀនចោលរួចរត់គេចខ្លួនបាត់។ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ដែលនៅសល់ រួមទាំងវត្ថុតាងជាគ្រឿងញៀនចំនួន ៦កញ្ចប់ដែលជនសង្ស័យបានបោះចោលនោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានសារភាពថា ថ្នាំញៀនចំនួន ៦កញ្ចប់នេះជារបស់ពួកគេពិតប្រាកដមែន ដោយពួកគេបានទិញពីឈ្មោះ គឹម សួរ (ប្រុស, ប្រហែល ៣០ឆ្នាំ) ក្នុងតម្លៃ ១៥០.០០០រៀល ដើម្បីយកទៅលក់បន្តឲ្យឈ្មោះ គា ដែលបានរត់គេចខ្លួន។ ពួកគេបានប្រកបរបរនេះរយៈពេល ១សប្ដាហ៍ហើយ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៦កញ្ចប់ (ធំ ២, តូច ៤) ទម្ងន់ ៣,៧៣ក្រាម និងទូរស័ព្ទដៃម៉ាក Oppo ចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕