យោងតាមសារព័ត៌មាន វៀតណាម VNEXPRESS បានផ្សាយថា ព្យុះ Bualoi បង្កអោយមានខ្យល់ខ្លាំង បាក់បង្គោលភ្លើងនៅខេត្តមួយចំនួន ដូចជា ថាញ់ហ្វា ង៉េអាង និងហាតិញ។ ការបាក់បង្គោលភ្លើងធ្វើឲ្យពលរដ្ឋ ១,៩ លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។
អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយរបស់វៀតណាម បាននិយាយថា មនុស្សសរុបយ៉ាងហោច៩នាក់ បានស្លាប់ នៅពេលព្យុះទីហ្វុង Bualoi បានវាយប្រហារកាត់ខេត្ត Ninh Binh ភាគខាងជើងប្រទេស នាថ្ងៃចន្ទនេះ ខណៈ២នាក់ផ្សេងទៀត បានស្លាប់នៅខេត្ត Hue និង Thanh Hoa។ ក្រៅពីអ្នកបាត់បង់ជីវិត ប្រមាណជា២០នាក់ទៀត កំពុងបាត់ខ្លួន។
ការវាយប្រហារនៃព្យុះ Bualoi នៅវៀតណាម គឺបន្ទាប់ពីព្យុះនេះ បានបោកបក់លើប្រទេសហ្វីលីពីន ហើយបង្កឱ្យមនុស្សមួយចំនួនស្លាប់ នៅទីនោះផងដែរ។ មុនការមកដល់នៃព្យុះទីហ្វុង Bualoi រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង ២៨៥ ០០០នាក់ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល និងបិទអាកាសយានដ្ឋានចំនួន៤ នៅក្នុងខេត្តភាគកណ្តាល។
រូបថត: vnexpress