កម្ពុជា-ថៃ៖ ទោះបីជាកម្ពុជា-ថៃ បានឯកភាពគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ សារព័ត៌មានថៃនៅបន្តបង្កើតព័ត៌មានក្លែងក្លាយជុំវិញជម្លោះព្រំដែន ដើម្បីនាំឱ្យមានការភាន់ច្រលំដល់ប្រជាជនទាំងសងខាង ជាពិសេសបញ្ឆេះកំហឹងពលរដ្ឋកម្ពុជាមិនឱ្យទុកចិត្តមកលើថ្នាក់ដឹកនាំ។ ថ្មីៗនេះ សារព័ត៌មានថៃបានបង្កើតព័ត៌មានក្លែងក្លាយជាច្រើនដោយយករូបភាព និងវីអេអូសចាស់ៗ បង្ហោះឡើងវិញដើម្បីជាលេសឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ សារព័ត៌មានក្នុងប្រទេសថៃ បានចេញផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាផ្លុំភ្លើង ផ្លុំផ្សែង ធ្វើយ៉ាងណាឱ្យស្ថានការណ៍ប្រឈមមុខគ្នានៅព្រំដែនកម្ពុជា-ថៃ ក្លាយទៅជម្លោះជាតិសាសន៍ បញ្ឆេះភ្លើងសង្គ្រាម។
ជាក់ស្តែងនៅថ្ងៃទី នៅថ្ងៃទី ២៧ ខែកញ្ញា សារព័ត៌មាន Khaosod English ដែលត្រូវបានគេមើលឃើញថាកាន់កាប់ដោយក្រុមយោធាថៃ បានរាយការណ៍ដោយចោទថា កម្ពុជាបានបើកការវាយប្រហារទៅលើទឹកដីរបស់ខ្លួននៅតំបន់អានសេះ ខេត្តព្រះវិហារ។ ក្រោយការចោទប្រកាន់មិនបានប៉ុន្មានផង យោធាថៃបើកការវាយប្រហារមកលើកម្ពុជា។ បន្ទាប់មកទៀត សារព័ត៌មានដដែលនោះ បានរាយការណ៍ថា នៅពីថ្ងៃទី ២៨ ខែកញ្ញា កងទ័ពថៃ បន្តរុះរើផ្ទះចំនួន ៣ខ្នង ដែលសាងសង់ដោយជនជាតិខ្មែរ ដែលរំលោភលើអធិបតេយ្យភាពថៃ។ ការចុះផ្សាយនេះដើម្បីផ្គាប់ចិត្តប្រជាជនខ្លួនឯង បង្វែរទិសញុះញង់ពលរដ្ឋកម្ពុជាដាក់គំនាបមកលើរដ្ឋាភិបាលរបស់ខ្លួន។
យ៉ាងណាមិញ ការចុះផ្សាយទាំងអស់ខាងលើនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា ក្រសួងមហាផ្ទៃ និងស្ថាប័នជំនាញ បានឆ្លើយតប និងបំភ្លឺជូនសាធារណជនថា ជាព័ត៌មានមិនពិត។ ជាមួយគ្នានេះ ស្ថាប័នជំនាញអំពាវឱ្យពលរដ្ឋកុំជឿលើការញុះញង់ និងពិនិត្យប្រភពឱ្យបានច្បាស់លាស់ចៀសវាងចែកចាយព័ត៌មានមិនពិតប៉ះពាល់ដល់សន្តិសុខសាធារណៈ។ ប្រភពព័ត៌មានផ្លូវការពាក់ព័ន្ធជម្លោះព្រំដែនដែលទុកចិត្តបានគឺបណ្តាញសង្គមហេ្វស 1. Samdech Hun Sen of Cambodia 2, Samdech Thipadei Hun Manet, Prime Minister of Cambodia 3, ក្រសួងការពារជាតិ និង ៤ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាដើម។
ក្រោយរងការចោទប្រកាន់ពីភាគីថៃ ក្រសួងការពារជាតិកម្ពុជា អះអាងថា យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាមានចំនួន ២លើក នៅថ្ងៃទី ២៧ កញ្ញា។ លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និង លើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។
នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។ ប៉ុន្តែកម្ពុជាបន្តតាមដាន និងត្រៀមខ្លួនដើម្បីការពារបូរណភាពទឹកដី។
ផ្ទុយទៅវិញ សារព័ត៌មាន Khaosod ថៃ យកវីដេអូទាហានខ្មែរថតទិដ្ឋភាពទ័ពថៃផ្លោងគ្រាប់ទុកជាភស្តុតាង មកផ្សាយភូតថា ជាវីដេអូទាហានខ្មែរបាញ់ទៅថៃ។ លើសពីនេះទៅទៀត ថៃបន្តប្រើប្រាស់ផែនទីគូសដោយឯកតោភាគីផ្សាយជាសាធារណៈ ដែលជាផែនទីនោះពុំទទួលស្គាល់ពីភាគីកម្ពុជា និងអន្តរជាតិឡើយ។
សូមជម្រាបថា ជុំវិញជម្លោះព្រំដែននេះ ភាគីកម្ពុជា-ថៃ បានឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹង បរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាព។ ការឯកភាពធ្វើឡើងចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នៅក្នុងប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន ដោយមានការចូលរួមសង្កេតការណ៍ពី សហរដ្ឋអាមេរិក និងចិន។
គួររម្លឹកថាលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ធ្លាប់បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយថៃបានគុបគិតជាមួយរដ្ឋាភិបាលនិងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជាដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។
ក្រៅពីសារព័ត៌មានថៃផ្សាយមិនពិត ទន្ទឹមនេះ ក៏មានជនឆ្លៀតឱកាសជាជនខ្មែរមួយចំនួនរស់នៅក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយបំភ្លើសការពិត និងប្រឌិតព័ត៌មានជុំវិញជម្លោះព្រំដែននេះផងដែរ ដើម្បីបង្កការភាន់ច្រឡំដល់សាធារណមតិ និងបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល។ ក្រុមប្រឆាំងនៅក្រៅប្រទេស បាននិងកំពុងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ បញ្ហាទឹកដី ជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឱ្យអស់ជំនឿ និងស្អប់រដ្ឋាភិបាល ហើយឈានដល់ផ្ទុះបដិវដ្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
កន្លងទៅ ក្រសួងព័ត៌មាន បានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងជំរុញការយល់ដឹងពលរដ្ឋពីការទទួលបានព័ត៌មានពិត។ ក្នុងយុទ្ធនាការនោះក៏មានពាក្យស្លោកថា៖ «យើងត្រូវចងចាំថាព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត»។ ដូច្នេះប្រជាពលរដ្ឋម្នាក់ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន ពលរដ្ឋត្រូវបោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន។
ប្រជាជនកម្ពុជា កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀត ដូចជា ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី មានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថា វាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត៕
រូបថត៖ សារព័ត៌មានថៃផ្សាយថា កងទ័ពថៃបន្តរុះរើផ្ទះពលរដ្ឋខ្មែរចំនួន៣ខ្នង (ព័ត៌មានមិនពិត)