ភ្នំពេញ : និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបជាង ៧០០នាក់ បានចូលរួមស្តាប់បាឋកថាស្ដីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលធ្វើបទបង្ហាញដោយលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បាឋកថានេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ពីលោកសាស្ត្រាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
គោលបំណងនៃបាឋកថានេះរួមមាន :
១. យល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ។
២. លើកទឹកចិត្តដល់និស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត ។
និងទី៤. លើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕
ប្រភព : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល