ភ្នំពេញ : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា នូវការកោតសរសើរ និងក្ដីមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេ លើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
បើតាមលោកស្រីអគ្គលេខាធិការ ភាពលេចធ្លោនេះ បានដើរស្របគ្នានឹងផែនការកាកបាទក្រហមកម្ពុជា ដែលដាក់គោលដៅ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យគ្រប់សាខាកាកបាទក្រហមទូទាំងប្រទេស ក្លាយជាអង្គភាពមានការទទួលខុសត្រូវ និងម្ចាស់ការខាងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបម្រើសង្គម ពិសេសការជួយពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
ការលើកឡើងនូវសេចក្ដីផ្តាំផ្ញើនេះ បានធ្វើឡើងក្នុងឱកាស ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង៕
ដោយ : សិលា