ខេត្តព្រះវិហារ : ពិធីប្រគល់ ទទួល កុំព្យូទ័រយួរដៃ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់បម្រើការងារ ផ្តល់សេវាតាមប្រព័ន្ធឌីជីថល ជូនរដ្ឋបាលឃុំ សង្កាត់ទាំង ៥១ ទូទាំងខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា, ការប្រគល់កុំព្យូទ័រយួរដៃនេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្នុងកាលើកកម្ពស់ការគ្រប់គ្រង ការបញ្ចូលទិន្នន័យ ការរាយការណ៍ ការតាមដានសកម្មភាពនានា និងផ្តល់សេវាសាធារណៈ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យការផ្តល់សេវារបស់រដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ និងស្ត្រីមានផ្ទៃពោះ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលបានផ្តល់សម្ភារៈដ៏មានតម្លៃនេះ។ លោកបានផ្តាំផ្ញើឱ្យរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសម្ភារៈទាំងនេះឱ្យបានល្អ និងប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់សេវាសាធារណៈល្អប្រសើរ និងមានគុណភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ : សិលា