ខេត្តកណ្តាល÷ស្រាសស្រាថ្នាំញ៉ាំបន្តិចបន្តួចដើម្បីបាយឆ្ងាញ់តែលោកប្តីដាក់ទាល់តែស្រវឹងចរឹកខឹងមួម៉ៅស្រែក ជេរបញ្ចោរប្រពន្ធកូន វាយបំផ្លាញធ្វើឱ្យខូចខាត ដោយ ចេតនាហិង្សាលើប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីខាងលើកើតឡើងកាលពីវេលាម៉ោង១៧ និង៤០នាទីថ្ងៃ ទី២៩ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិកំពង់សំណាញ់ (១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៏ត្រី បាំង មិនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់បានឱ្យដឹងថា ស្ត្រីជនរងគ្រោះមាន ឈ្មោះ ប៉ូ ចាន់ធឿន អាយុ៤៣ឆ្នាំជនជាតិខ្មែរ ត្រូវជាប្រពន្ធមុខរបរ លក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ជិន សារិត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តី)មុខរបរលក់ដូរ ។ អ្នកទាំងពីរមានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។ វត្ថុតាងចាប់យក៖ ដែកជ្រុងប្រវែង១,៣៥ ស.ម។ សម្ភារ:បាត់បង់÷ បែកទ្វារកញ្ចក់មួយផ្ទាំង។
តាមការបំភ្លឺពីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កន្លងមកជនសង្ស័យ(ប្តី)ឱ្យតែផឹកស្រាស្រវឹងមកដល់ផ្ទះតែងតែជេរបញ្ចោរ រករឿងប្រពន្ធកូនជាញឹកញាប់តែប្រពន្ធមិនដែលតប ត នោះទេ។ លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងមិន ដឹងបើកម៉ូតូសណ្តោងរ៉ឺម៉កមកពីណា មកដល់ផ្ទះបានស្រែកឲ្យបើកទ្វាររបងផ្ទះ។ ឮដូចនោះកូនក៏បានទៅបើកទ្វារឲ្យតែទំរាំបើកទ្វាររួច រាងយូរបន្តិចធ្វើឲ្យជន សង្ស័យខឹងម៉ួរម៉ៅស្រែកជេរកូន ថែមទាំងបើកម៉ូតូរ៉ឺម៉កទៅបុកទ្វាររោងដាក់រថយន្ត។ បន្ទាប់មកបន្តមកធាក់ទ្វារកញ្ចក់ផ្ទះបណ្តាលឱ្យបែកមួយផ្ទាំង រួចជនសង្ស័យបានចាប់ទាញដែកជ្រុងប្រវែង១,៣៥សង់ទីម៉ែត្រ មកវាយជនរងគ្រោះជាប្រពន្ធ តែត្រូវបានម្តាយចាប់ឃាត់ទាន់ ម្ល៉្លេះនឹងមានគ្រោះថ្នាក់ធំដល់ប្រពន្ធមិនខាន។
ដោយអស់ការស៊ូទ្រាំនឹងទង្វើរបស់ជនសង្ស័យជាប្តី ស្ទើររាល់ថ្ងៃលែងបាន,ស្ត្រីរងគ្រោះជាប្រពន្ធក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់កំពង់សំណាញ់ឱ្យជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យរួមទាំងបត្ថុតាងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពធាក់ទ្វារកញ្ចក់ផ្ទះបណ្តាលឲ្យបែកអស់១ផ្ទាំង និងបម្រុង វាយប្រពន្ធដោយដែកជ្រុងពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕