ភ្នំពេញ៖ បន្ទាប់ពីចំណាយពេលជាង ២ឆ្នាំ ក្រោយពីចុះអនុស្សរណៈយោគយល់រវាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង ក្រុមហ៊ុន Otis McAllister ឥឡូវនេះអង្ករកម្ពុជាបានឈានជើងចូលទៅដល់ទីផ្សារ Costco ដែលជាទីផ្សារលក់រាយដ៏ធំបំផុតមួយនៅអាមេរិក។ នេះបេីយោងតាមការបញ្ជាក់ពីលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជុំវិញការនាំចូលអង្ករកម្ពុជាចូលដល់ទីផ្សារ Costco របស់អាមេរិកនេះ ដោយបញ្ជាក់ថា MOU រវាងកម្ពុជា និងក្រុមហ៊ុន Otis McAllister បានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចបើកទីផ្សារដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីជំរុញការនាំចូលអង្ករទៅកាន់ទីផ្សារ នៅក្នុងរយៈពេល ៥ ឆ្នាំ ដោយក្នុងនោះ គឺមានតាមលំដាប់លំដោយចាប់ពី ៥ ពាន់តោន នៅឆ្នាំទី១ រហូតដល់ ២ ម៉ឺនតោន សម្រាប់ឆ្នាំទី៥ ។
លោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា៖«ថ្មីៗនេះ ឃើញថា អង្ករកម្ពុជាក៏បានទៅដល់ទីផ្សារអាមេរិកហើយដែរ ហើយក៏ចាប់ផ្តើមមានការចែកចាយនៅក្នុងទីផ្សារ Costco ។ Costco គឺជាទីផ្សារដ៏ធំមួយរបស់អាមេរិកកាំង ហើយក្រុមហ៊ុនដែលឈរជើងនៅផ្សារនេះបាន លុះត្រាតែជាក្រុមហ៊ុនដែលគោរពបាននៅស្តង់ដារអន្តរជាតិ»។
បន្ថែមពីនេះ លោក លន់ យ៉េង បានឱ្យដឹងទៀតថា ជាក់ស្តែង អង្ករកម្ពុជាដែលបាននាំចូលទៅកាន់ទីផ្សារ Costco នេះគឺ ជាប្រភេទអង្ករផ្ការំដួល ហើយនេះគឺជាចំណុចសំខាន់ណាស់ដែលកម្ពុជាយើងអាចនាំចូលទៅកាន់ទីផ្សារអាមេរិកបាន លុះត្រាតែរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាមានស្តង់ដារខ្ពស់បំផុត។ បច្ចុប្បន្ន យើងឃើញថា មានរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាមួយចំនួនធំហើយ ដែលបានឈានទៅដល់ការអនុវត្តស្តង់ដារខ្ពស់បំផុតនេះ»។
ជាមួយគ្នានេះ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា កម្ពុជា បានចុះ MOU ជាមួយនិងក្រុមហ៊ុន Otis McAllister នេះ នៅក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុននេះក៏បានធ្វើការតេស្តសាកល្បងនាំចេញបានប៉ុន្មានរយតោនដែរ នៅក្នុងឆ្នាំ២០២៤ ទៅកាន់ផ្សារ Costco ដែលជាផ្សារបោះដុំមួយរបស់អាមេរិក។
លោកឧកញ៉ា បានអះអាង នៅក្នុងអាណត្តិថ្មីនេះកម្ពុជាក៏សម្លឹងមើលទីផ្សារអាមេរិកផ្សេងៗបន្តទៀតដែលកម្ពុជាគួរតែជ្រៀតចូល។ ទន្ទឹមនេះ កម្ពុជាក៏កំពុងតែសម្លឹងមើលផងដែរ នូវការតាំងពិព័រណ៍ណាដែលកម្ពុជាយើងអាចដឹកនាំចូលរួមទៅបាន។
បើតាមលោក លន់ យ៉េង បានបន្ថែមថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥ នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអាមេរិកប្រមាណជា ៣៥៤០តោន ចំនួននេះបើប្រៀបធៀបទៅនិងរយៈពេល ៨ ខែ កាលពីឆ្នាំ២០២៤ មានការកើនឡើងគួរឱ្យកត់សម្គាល់ ព្រោះកាលពីឆ្នាំមុនកម្ពុជាអាចនាំចូលទីផ្សារអាមេរិក ក្នុងរយៈពេល ១ឆ្នាំ បានប្រមាណ ៤២០០ តោនតែប៉ុណ្ណោះ។
លោកថា ឆ្នាំ២០២៥ នេះ ការនាំចូលអង្ករទៅទីផ្សារអាមេរិកអាចនឹងមានការកើនឡើងខ្លាំង ដោយសារមានការគាំទ្រពីសហគមន៍ខ្មែរនៅអាមេរិក ដែលពួកគាត់ចាប់ផ្តើមចាប់អារម្មណ៍ប្រើប្រាស់អង្ករខ្មែរច្រើន ហើយទន្ទឹមនិងអង្ករខ្មែរអាចនាំចូលទៅក្នុងទីផ្សារ Costco បាន។ លោកក៏សង្ឃឹមថា នាពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងអាចចូលទៅក្នុងទីផ្សារធំផ្សេងៗរបស់អាមេរិកបន្ថែមទៀត។
គួរជម្រាបថា យោងតាម CRF ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួនជាង ៤៩១ លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨។ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួនជាង ២៥៣ លានដុល្លារ, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួនជិត ៧៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ ប្រទេសបានបរិមាណ ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួនជិត ៩៣ លានដុល្លារ និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៥៤ លានដុល្លារ៕