អង្ករកម្ពុជា នឹងពង្រីកខ្លួនកាន់តែច្រើននៅក្នុងទីផ្សារអាមេរិក តាមរយៈ​ផ្សារ Costco

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់​ពី​ចំណាយ​ពេល​ជាង ២ឆ្នាំ ក្រោយ​ពី​ចុះ​អនុស្សរណៈ​យោគ​យល់​រវាង សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) និង ក្រុមហ៊ុន Otis McAllister ឥឡូវនេះអង្ករ​កម្ពុជា​បានឈានជើង​ចូល​ទៅ​ដល់​ទីផ្សារ Costco ដែលជាទីផ្សារលក់រាយដ៏ធំបំផុតមួយនៅអាមេរិក។​ នេះបេីយោង​តាមការបញ្ជាក់ពី​លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។

អគ្គលេខាធិការ​សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជុំវិញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ចូល​ដល់​ទី​ផ្សារ Costco របស់​អាមេរិក​នេះ​ ដោយបញ្ជាក់ថា​ MOU រវាង​កម្ពុជា និង​ក្រុម​ហ៊ុន Otis McAllister ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​ដំណើរ​ទស្សនកិច្ច​បើក​ទីផ្សារ​ដែល​ដឹក​នាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល​ ដើម្បី​ជំរុញ​ការ​នាំ​ចូល​អង្ករ​ទៅ​កាន់​ទីផ្សារ​ នៅ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ ដោយ​ក្នុង​នោះ គឺ​មាន​តាម​លំដាប់​លំដោយ​​ចាប់​ពី ៥ ពាន់​តោន នៅ​ឆ្នាំ​ទី១ រហូត​ដល់ ២ ម៉ឺន​តោន​ សម្រាប់​ឆ្នាំ​ទី​៥ ។

លោក​អគ្គលេខាធិការ​សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា៖«ថ្មី​ៗ​នេះ ឃើញ​ថា ​អង្ករ​កម្ពុជា​ក៏​​បាន​ទៅដល់​ទីផ្សារ​អាមេរិក​ហើយ​ដែរ​ ហើយ​ក៏​ចាប់​ផ្តើម​មាន​ការ​ចែកចាយ​នៅ​ក្នុង​ទីផ្សារ Costco ។ Costco ​ គឺ​ជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​អាមេរិក​កាំង ហើយ​ក្រុម​ហ៊ុន​ដែល​ឈរ​ជើង​នៅ​ផ្សារ​នេះ​បាន លុះ​ត្រា​តែ​ជា​ក្រុមហ៊ុន​ដែល​គោរព​បាន​នៅ​ស្តង់ដារ​អន្តរជាតិ»។

បន្ថែមពីនេះ​ លោក លន់ យ៉េង បានឱ្យដឹងទៀតថា​ ជាក់ស្តែង អង្ករ​កម្ពុជា​ដែល​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ Costco នេះ​គឺ ជា​ប្រភេទ​អង្ករ​ផ្កា​រំដួល​ ហើយ​នេះ​គឺ​ជា​ចំណុច​សំខាន់​ណាស់​ដែល​កម្ពុជា​យើង​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក​បាន លុះ​ត្រា​តែ​រោងម៉ាស៊ីន​កិនស្រូវ​របស់​កម្ពុជា​មាន​ស្តង់ដារ​ខ្ពស់​បំផុត។ បច្ចុប្បន្ន​ យើង​ឃើញ​ថា មាន​រោង​ម៉ាស៊ីន​កិនស្រូវ​របស់​កម្ពុជា​មួយ​ចំនួន​​ធំ​ហើយ​ ដែល​បាន​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ស្តង់ដារ​ខ្ពស់​បំផុត​នេះ​»។

ជា​មួយ​គ្នា​នេះ លោក​ឧកញ៉ា ឡាយ ឈុនហួរ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​​ឱ្យ​ដឹង​ដែរ​ថា កម្ពុជា បាន​ចុះ​ MOU ជា​មួយ​និង​​ក្រុម​ហ៊ុន Otis McAllister នេះ នៅ​ក្នុង​ឆ្នាំ​២០២៤ ហើយ​ក្រុម​ហ៊ុន​នេះ​ក៏​បាន​ធ្វើ​ការ​តេស្ត​សាកល្បង​នាំ​ចេញ​បាន​ប៉ុន្មាន​រយ​តោន​ដែរ​​ នៅ​ក្នុង​ឆ្នាំ​២០២៤ ទៅ​កាន់​ផ្សារ Costco​ ដែល​ជា​ផ្សារ​បោះ​ដុំ​មួយ​របស់​អាមេរិក។

លោក​ឧកញ៉ា បាន​អះអាង នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​កម្ពុជា​ក៏​សម្លឹង​មើល​ទីផ្សារ​អាមេរិក​ផ្សេង​ៗ​បន្ត​ទៀត​ដែល​កម្ពុជា​គួរ​តែ​ជ្រៀត​ចូល​។ ទន្ទឹម​នេះ កម្ពុជា​ក៏​កំពុង​តែ​សម្លឹង​មើល​ផង​ដែរ​ នូវ​ការតាំង​ពិព័រណ៍​ណា​ដែល​កម្ពុជា​យើង​អាច​ដឹក​នាំ​ចូល​រួម​ទៅ​បាន​។

បើតាមលោក លន់ យ៉េង បាន​បន្ថែម​ថា ក្នុង​រយៈ​ពេល ៨ ខែ ឆ្នាំ​២០២៥ នេះ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អាមេរិក​ប្រមាណ​ជា ៣៥៤០​តោន​ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​និង​រយៈ​ពេល ៨ ខែ កាល​ពី​ឆ្នាំ​២០២៤ មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ព្រោះ​កាល​ពី​ឆ្នាំ​មុន​កម្ពុជា​អាច​នាំ​ចូល​ទីផ្សារ​អាមេរិក ក្នុង​រយៈ​ពេល​ ១​ឆ្នាំ​ បាន​ប្រមាណ ៤២០០ តោន​តែ​ប៉ុណ្ណោះ។

លោក​ថា ឆ្នាំ​២០២៥ នេះ ការ​នាំចូល​អង្ករ​ទៅ​ទីផ្សារ​អាមេរិក​អាច​នឹង​មាន​ការ​កើន​ឡើង​ខ្លាំង ដោយ​សារ​មាន​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​អាមេរិក​ ដែល​ពួក​គាត់​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ប្រើប្រាស់​អង្ករ​ខ្មែរ​​ច្រើន ហើយ​ទន្ទឹម​និង​អង្ករ​ខ្មែរ​​អាច​នាំ​ចូល​ទៅ​ក្នុង​ទីផ្សារ Costco បាន​។ លោក​ក៏​សង្ឃឹម​ថា​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ កម្ពុជា​នឹង​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​ធំ​ផ្សេង​ៗ​របស់​អាមេរិក​បន្ថែម​ទៀត​។

គួរជម្រាបថា​ យោងតាម CRF ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួនជាង ៤៩១​ លានដុល្លារ​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន​៦៨​។ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួនជាង ២៥៣​ លានដុល្លារ​, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួនជិត ៧៦ លានដុល្លារ​ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ ប្រទេសបានបរិមាណ ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួនជិត ៩៣ លានដុល្លារ​ និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៥៤ លានដុល្លារ​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print